ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជាដែលវិនិយោគដោយក្រុមហ៊ុនចិនសម្រេចការសាងសង់ជាង៨៤ភាគរយហើយ និងត្រៀមឱ្យពលរដ្ឋបើកបរសាកល្បង

2022-03-17 16:00:23 |ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖    លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មកដល់ពេលនេះ ការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាលើកដំបូងនេះ សម្រេចបាន៨៤.៣៣ភាគរយហើយ ដោយវឌ្ឍនភាពការងារលឿនជាងផែនការដែលបានកំណត់។

  អ្នកនាំពាក្យរូបនេះ បានបន្តថា ក្រសួងបាននិងកំពុងផលិតវីដេអូអប់រំពីការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហន មុនឈានបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បងក្នុងកំឡុងខែកក្កដា ឬខែកញ្ញាខាងមុខនេះ។ លោកថ្លែងប្រាប់ថា «ក្រសួងសាធារណការកំពុងរៀបចំផលិតវីដេអូស្ពត ដែលណែនាំស្តីពីការប្រើប្រាស់នេះ ជាពិសេស ត្រង់ចំណុចចេញចូល តាមផ្លូវបំបែកនីមួយៗ សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ពីរបៀបប្រើប្រាស់នេះ កុំឱ្យមានបញ្ហាកើតក្នុងពេលធ្វើដំណើរនោះ។ ដោយសារតែផ្លូវនេះ ជាផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា»។

  គម្រោងផ្លូវល្បឿនលឿនលើកដំបូងមានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ចាប់ពីក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ ត្រូវបានវិនិយោគ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនពីប្រទេសចិន ក្នុងទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារអាមេរិក តាមរូបភាពសាងសង់ អាជីវកម្ម និងផ្ទេរ រយៈពេលជិត៥០ឆ្នាំ ដើម្បីសម្រួលការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងផលិតផលកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុនវិនិយោគទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅរបស់កម្ពុជា និងការធ្វើដំណើររបស់ប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស។

  ផ្លូវនេះ បាននិងកំពុងសាងសង់ដោយមានទទឹងតួផ្លូវ២៤,៥ម៉ែត្រ សម្រាប់គន្លងផ្លូវធ្វើចរាចរ២គន្លងទៅ ២គន្លងមក ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ នៅលើបណ្តោយនៃផ្លូវនេះ ក៏នឹងមានសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន៧កន្លែង ផ្លូវប្រសព្វចំនួន២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿននេះចំនួន២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន២០កន្លែង ព្រមទាំងសាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្តចំនួន១កន្លែងមណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង។

  ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបង្ហើបប្រាប់ហង្សមាសតាមបណ្តាញទំនាក់ទំនងសង្គមថា ការធ្វើដំណើរលើផ្លូវល្បឿនលឿននៅថ្ងៃបុណ្យជាតិធំៗ នឹងមិនតម្រូវឱ្យបង់ថ្លៃនោះទេ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋបើកបរដោយសេរី បើទោះបីជាផ្លូវនេះស្ថិតក្នុងគម្រោងវិនិយោគក្តី៕