ប្រទេសចិននឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីជួយស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីជួបវិបត្តិកូវីដ-១៩ 

2022-03-17 16:01:19 |ប្រភព:វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

  ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអះអាងថា រដ្ឋាភិបាលចិននឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការជួយស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយពីរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ។ 

  ឆ្លើយតបនិងសំណួររបស់អ្នកសារព័ត៌មាននៅកម្ពុជាចេញផ្សាយដោយស្ថានទូតចិនប្រចាំកម្ពុជា នាពេលថ្មីៗនេះឯកឧត្តម វ៉ាង វិនធៀនបានគូសបញ្ជាក់ទៀតថា ភាគីចិននឹងចាប់យកការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា គឺជាឱកាសមួយ ដើម្បីពន្លឿនការតភ្ជាប់គំនិតផ្ដួចផ្តើម ខ្សែក្រវាត់ និងផ្លូវ របស់ចិន ជាមួយនឹងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា ជំរុញការកែលម្អឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ពន្លឿនកិច្ចសហប្រតិបត្តិការលើវិស័យ ដូចជាហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិតកម្ម សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងវិស័យ 5G ជាដើម។ ភាគីចិននឹងជួយភាគីកម្ពុជាពន្លឿនដំណើរការឧស្សាហូបនីយកម្មនិងកែលម្អប្រែជាវិស័យកសិកម្ម។ ភាគីចិននឹងពន្លឿនដំណើរការត្រួតពិនិត្យភូតគាមអនាម័យលើកសិផលកម្ពុជា នាំចេញទៅកាន់ប្រទេសចិន។ ភាគីចិននឹងខិតខំ លើកទឹកចិត្តសហគ្រាស ដែលមានសមត្ថភាព មកបណ្តាក់ទុន នៅកម្ពុជា ឱ្យកាន់តែច្រើន នឹងបន្តផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា ទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ ភាគីចិននឹងបន្តធ្វើជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់កម្ពុជា ហើយនឹងចាត់បញ្ជូនក្រុមគ្រូពេទ្យវេជ្ជសាស្ត្របុរាណចិន មកកាន់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ និងជួយកម្ពុជាសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ។

  ឯកឧត្តមបានគូសបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងចិននិងកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ កាលពីឆ្នាំ២០១៩ ចិននិងកម្ពុជាបានចុះហត្ថលេខាលើផែនការសកម្មភាពកសាងសហគមន៍រួម ដែលគ្របដណ្តប់លើវិស័យនៃប្រទេសទាំងពីរ ជាច្រើន ដូចជា នយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការអនុវត្តច្បាប់និងយោធា ទំនាក់ទំនងមនុស្សសាស្ត្រ និងបណ្តាវិស័យផ្សេងទៀត។ នាពេលអនាគត ភាគីចិននឹងសហការជាមួយភាគីកម្ពុជា ដើម្បីជំរុញការអនុវត្តផែនការសកម្មភាព៕