លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅរសៀលថ្ងៃទី១៨ ខែមីនា។
ថ្លែងក្នុងកិច្ចជំនួប លោកស៊ីជីនភីង បានបញ្ជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ចិននិងកម្ពុជា ទំនាក់ទំនងចិន-កម្ពុជាបានឆ្លងកាត់ការសាកល្បង និងកាន់តែរឹងមាំមិនអាចបំបែកបាន។ ឋិតនៅចំពោះមុខការផ្លាស់ប្តូរនៃពិភពលោកដែលមិនធ្លាប់មានក្នុងមួយសតវត្សកន្លងមក និងការរីករាលដាលនៃជំងឺឆ្លង ប្រទេសចិននិងកម្ពុជាបានជំរុញការកសាងសហគមន៍រួមវាសនា និងបានធ្វើជាគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី។ ភាគីទាំងពីរគួរតែរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ ពន្លឿនការសាងសង់គម្រោងធំៗដូចជា ផ្លូវល្បឿនលឿន អាកាសយានដ្ឋាន និងតំបន់សេដ្ឋកិច្ចពិសេសជាដើម និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថលជាដើម ។ ភាគីទាំងពីរគួរតែប្រើប្រាស់ឱ្យបានល្អនូវ«កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយ។ ប្រទេសចិននឹងបង្កើនការនាំចូលផលិតផលកសិកម្មគុណភាពខ្ពស់របស់កម្ពុជា អនុវត្តកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាមួយកម្ពុជាដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ អនុវត្តជាក់ស្តែងនូវគម្រោងផ្លូវជនបទ ការអប់រំ និងគម្រោងផ្សេងៗទៀត ក៏ដូចជាផ្តល់ជំនួយដល់ការអភិវឌ្ឍកសិកម្ម និងកាត់បន្ថយភាពក្រីក្ររបស់កសិករកម្ពុជា។ ដោយឡែក ប្រទេសចិននឹងបន្តផ្តល់ជំនួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយស្វែងរករូបភាពថ្មីសម្រាប់ការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរក្រោមបរិបទរីករាលដាលនៃជំងឺកូវីដ ១៩ ។
លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំនូវថានៈស្នូលរបស់អាស៊ានក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ គាំទ្រអាស៊ានក្នុងការដើរតួនាទីកាន់តែធំក្នុងកិច្ចការតំបន់ និងអន្តរជាតិ ព្រមទាំងគាំទ្រកម្ពុជាដើរតួនាទីឱ្យបានល្អក្នុងនាមជាប្រធានផ្លាស់វេនរបស់អាស៊ាននៅឆ្នាំ២០២២ ហើយមានឆន្ទៈរួមសហការជាមួយកម្ពុជា និង ប្រទេសអាស៊ាន ដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ានទទួលបានការវិវឌ្ឍរីកចម្រើនថ្មីជាបន្តបន្ទាប់។
ជាការឆ្លើយតប សម្ដេចហ៊ុន សែន បានសម្ដែងការអបអរសាទរយ៉ាងស្មោះត្រង់ចំពោះប្រទេសចិន ដែលទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិករដូវរងា និងកីឡាប៉ារ៉ាឡាំពិករដូវរងា ព្រមនឹងបើកមហាសន្និបាតនៃសភាទាំងពីរដោយរលូន។ សម្តេចបានជឿជាក់ថា ក្រោមការដឹកនាំដ៏រឹងមាំរបស់លោកប្រធានរដ្ឋចិនស៊ីជីនភីង ប្រទេសចិននឹងទទួលបានសមិទ្ធិផលដ៏អស្ចារ្យថែមទៀត ។ កម្ពុជាប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយមានប្រទេសចិនមួយ និងគាំទ្រយ៉ាងមុតមាំចំពោះគោលជំហររបស់ចិនលើបញ្ហាស្តីពីតៃវ៉ាន់ និងស៊ីនជាំង។ ភាគីកម្ពុជាមានឆន្ទៈចាត់ទុកខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៣ជាឱកាស ដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងវប្បធម៌មនុស្សជាតិជាដើម ជំរុញការរួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ ដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឱ្យឡើងដល់កម្រិតថ្មីមួយ ។ ភាគីកម្ពុជាសូមអរគុណចំពោះជំនួយរបស់ប្រទេសចិនក្នុងការផ្តល់សម្ភារៈ និងវ៉ាក់សាំងសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ នៃប្រទេសកម្ពុជា ហើយរំពឹងទុកថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។
សូមបញ្ជាក់ថា អ្នកដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់អំពីស្ថានការណ៍នៅអ៊ុយក្រែនផងដែរ។ ភាគីទាំងពីរបានឯកភាពគ្នាថា គួរតែប្រកាន់គោលជំហរប្រកបដោយតុល្យភាព និងយុត្តិធម៌ និងធ្វើកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមាន ដើម្បីឈានដល់ការចរចាដោយសន្តិភាព។