នៅថ្ងៃទី២២ខែមីនាតាមម៉ោងក្នុងតំបន់ លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានចូលរួមពិធីបើកកិច្ចប្រជុំលើកទី៤៨នៃក្រុមប្រឹក្សារដ្ឋមន្រ្តីការបរទេសនៃអង្គការសហប្រតិបត្តិការអ៊ីស្លាមតាមសេចក្តីអញ្ជើញ ព្រមទាំងថ្លែងសុន្ទរកថា។
ថ្លែងក្នុងសុន្ទរកថា លោកវ៉ាងអ៊ីបានលើកឡើងថា ប្រទេសចិននឹងបន្តគាំទ្រប្រទេសអ៊ីស្លាមក្នុងការដោះស្រាយបញ្ហាជាចំណុចក្តៅនាពេលបច្ចុប្បន្នតាមពុទ្ធិអ៊ីស្លាម ដើម្បីធ្វើការងារគាំពារស្ថិរភាពនិងជំរុញសន្តិភាពឱ្យបានកាន់តែល្អ។
លោកវ៉ាងអ៊ីបានថ្លែងទៀតថា ប្រទេសចិននឹងបន្តឈរយ៉ាងមុតមាំនៅជាមួយប្រជាជនប៉ាឡេស្ទីន គាំទ្រឱ្យជំរុញការបើកធ្វើក្នុងពេលឆាប់ៗនូវកិច្ចប្រជុំសន្តិភាពអន្តរជាតិដែលកាន់តែមានកិត្យានុភាពនិងមានភាពជាតំណាង លើមូលដ្ឋាននៃ"ផែនការប្រទេសពីរ” ដើម្បីជំរុញឱ្យបញ្ហាប៉ាឡេស្ទីនត្រូវបានដោះស្រាយដោយគ្រប់ជ្រុងជ្រោយនិងយុត្តិធម៌។ ចិនគោរពជម្រើសរបស់ប្រជាជនអាហ្វហ្កានីស្ថាន គាំទ្រអាហ្វហ្កានីស្ថានឱ្យសម្រេចអភិបាលកិច្ចប្រកបដោយបរិយាប័ន្ននិងស្ថិរភាព ក៏ដូចជាបើកទំព័រថ្មីនៃការស្តារឡើងវិញដោយសន្តិភាពផងដែរ។ អំពីបញ្ហាអ៊ុយក្រែន ភាគីចិនគាំទ្ររុស្ស៊ីនិងអ៊ុយក្រែនបន្តធ្វើការចរចាសន្តិភាព ដើម្បីសម្រេចការឈប់បាញ់គ្នា ការបញ្ចប់សង្រ្គាមនិងទទួលបានសន្តិភាព។ យើងគួរបង្ការកុំឱ្យកើតគ្រោះមហន្តរាយមនុស្សធម៌ ចៀសវាងកុំឱ្យវិបត្តិអ៊ុយក្រែនរីករាលដាលទៅក្រៅ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍ត្រឹមត្រូវរបស់តំបន់និងប្រទេសផ្សេងទៀត៕