នាថ្ងៃទី ២១ ខែមីនា ជើងយន្តហោះលេខ MU៥៧៣៥ របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ក្នុងដំណើរការហោះហើរពីទីក្រុងគុនមីញទៅទីក្រុងក្វាងចូវបានធ្លាក់ក្នុងស្រុកតឹង តំបន់ស្វយ័តជនជាតិជួង ក្វាងស៊ី ប្រទេសចិន ។ ក្នុងយន្តហោះនេះមានមនុស្សចំនួន ១៣២ នាក់ ក្នុងចំណោមនេះ មានភ្ញៀវចំនួន ១២៣ នាក់ បុគ្គលិកលើយន្តហោះចំនួន ៩ នាក់ ។
រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិនបានដាក់ចេញយន្តការសង្គ្រោះបន្ទាន់ ជញ្ជូនក្រុមការងារជួយសង្គ្រោះទាន់ពេលវេលា ហើយបានចាប់ផ្តើមការងារស្វែងរកនិងសង្គ្រោះយ៉ាងឆាប់រហ័ស ។ ក្រៅពីនេះ រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិនបានផ្ញើការជូនដំណឹងអាសន្ន ទាមទារពង្រឹងការស៊ើបអង្កេតអំពីបញ្ហាសុវត្ថិភាពក្នុងវិស័យអាកាសចរណ៍ស៊ីវិល ហើយអនុវត្តវិធានការគ្រប់គ្រងសុវត្ថិភាព ។
អង្គភាពសង្គ្រោះអគ្គីភ័យរបស់តំបន់ស្វយ័តជនជាតិជួងក្វាងស៊ី បានដាក់ចេញផែនការគ្រោះអាសន្នយ៉ាងឆាប់រហ័ស ហើយបញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន ១៦២ គ្រឿង បុគ្គលិកជួយសង្គ្រោះអគ្គិភ័យចំនួន ៧៦១ នាក់ ។ ក្រៅពីនេះ អង្គភាពសង្គ្រោះអគ្គីភ័យបានប្រមូលរថយន្តគាំពារចំនួន ៣៣ គ្រឿង ដូចជារថយន្តអាហារ រថយន្តបំភ្លឺភ្លើងជាដើម ។
គណៈកម្មាធិការសុខភាពនៃតំបន់ស្វយ័តជនជាតិជួងក្វាងស៊ី បានជញ្ជូនអ្នកជំនាញព្យាបាលជំងឺធ្ងន់ធ្ងរ និងរបួសដោយអគ្គិភ័យ ។ គណៈកម្មាធិការសុខភាពនៃទីក្រុងអ៊ូចូវបញ្ជូនគ្រូពេទ្យចំនួនជាង ៨០ នាក់ និងឡានពេទ្យចំនួន ៣៦ គ្រឿង ហើយបង្កើតទីកន្លែងសង្គ្រោះ ។ កម្លាំងសង្គ្រោះរបស់ខេត្តក្វាងតុងបានទៅដល់កន្លែងកើតហេតុ ។
ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានដាក់ចេញយន្តការគ្រោះអាសន្ន និងបង្កើតក្រុមពិសេសចំនួន ៩ ដើម្បីគាំទ្រការស៊ើបអង្កេតអំពីគ្រោះថ្នាក់ ការផ្តល់ជំនួយដល់គ្រួសារជនរងគ្រោះ ការផ្តល់កិច្ចគាំពារផ្នែកច្បាប់ជាដើម ហើយបានទៅកន្លែងកើតហេតុផ្ទាល់ ។ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានបើកលេខទូរស័ព្ទពិសេសដល់គ្រួសារជនរងគ្រោះ ។
ប្រភព៖កាសែតប្រជាជនដេលី
អ្នកបកប្រែ៖刘蓉