រដ្ឋមន្រ្តីក្រសួងកសិកម្ម អំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និង ម្ចាស់រោងចក្រវេចខ្ចប់  រួសរាន់ ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀនសម្រាប់នាំចេញទៅកាន់ប្រទេសចិន 

2022-04-01 17:11:38 |ប្រភព:វិទ្យុជាតិកម្ពុជា

​​ ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា  យោងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ស្តីពីវឌ្ឍនភាពនៃការចរចាបំពេញលក្ខខណ្ឌតម្រូវភូត-គាមអនាម័យដើម្បីនាំចេញផ្លែមៀនកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

  មានសេចក្តីសោមនស្សរីករាយ ជម្រាបជូនដំណឹងបន្ថែមដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងផ្នែកឯកជនពាក់ព័ន្ធជ្រាបថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចូលជាធរមាន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

  ឯកឧត្តមបន្តថា អនុវត្តតាមស្មារតីកិច្ចប្រជុំកំពូលរវាងព្រះរាជាណាចក្រកម្ពុជាជាមួយសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ ស្តីពីការជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន ដែលបានចូលជាធរមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ នាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀនសម្រាប់នាំចេញទៅកាន់ប្រទេសចិន នៅអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ដូចមានគំរូពាក្យស្នើសុំភ្ជាប់មកជាមួយសេចក្តីជូនដំណឹងនេះ)។សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងដំណើរការនេះ ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់ សូមធ្វើការទំនាក់ទំនងទៅកាន់ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាអង្គភាពជំនាញមានសមត្ថកិច្ចជាតិទទួលបន្ទុកលើការងារពាក់ព័ន្ធនឹងការចរចារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដើម្បីជំរុញការនាំចេញកសិផល (រុក្ខជាតិនិងផលិតផលរុក្ខជាតិ) ទៅកាន់ប្រទេសនានារួមទាំងប្រទេសចិនផងដែរ ។

  ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានមានប្រសាសន៍ ថា  មៀនប៉ៃលិន គឺជាផលិតផលកសិកម្មថ្មីៗ បន្ថែមទៀត ដែលត្រូវនាំចេញទៅទីផ្សារដ៏ធំ នៃប្រទេសចិន បន្ទាប់ពីផលិតមួយចំនួនបាននាំចេញរួចមកហើយនោះ ដូចជា ចេក និង ស្វាយ ជាដើម។

  តាមស្ថិតិនៃការនាំចេញ កន្លងមក មិនមែនមានតែផលិផល៤ ឬ៥មុខទេ ដែលម្ពុជានាំទៅកាន់ប្រទេសចិន ក្នុងនោះ មានផលិតផលកសិកម្មរបស់កម្ពុជា ចំនួន៣១មុខរួចមកហើយ ដែលត្រូវបាននាំចេញទៅប្រទេសចិន គ្រាន់តែថា ផលិផលខ្លះតម្រូវ ឬមិនតម្រូវឲ្យមានលក្ខខណ្ឌភូតគាមអនាម័យ មិនតម្រូវគឺសំដៅលើប្រភេទកសិផល ក្នុងទំនិញមិនជាប់កម្រិតកំណត់ ដូចជា គ្រាប់ស្វាយចន្ទី ជាដើម ប៉ុន្តែត្រូវស្របតាមស្តង់ដារភួតគាមអនាម័យអន្តរជាតិ។

  ភាគីចិនបានសន្យាថា នឹងពន្លឿនដំណើរការត្រួតពិនិត្យភូតគាមអនាម័យលើកសិផលកម្ពុជា ដែលនាំចេញទៅកាន់ប្រទេសចិន ដើម្បីឲ្យកសិផលកម្ពុជា ដែលមានគុណភាពខ្ពស់អាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន កាន់តែច្រើន។

  សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ ការនាំចេញផលិតកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសចិន មានជាង៨៣ម៉ឺនតោន ជាចំនួនដ៏ច្រើន ទោះបីស្ថិតក្នុងបរិបទកូវីដ ដូច្នេះ ទោះបីជា តម្រូវឲ្យមានភូតគាមអនាម័យក៏ដោយ ក៏ការនាំចេញទៅប្រទេសចិន ពុំមានលក្ខខណ្ឌស្មុគស្មាញខ្លាំងពេកទេ៕