ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាល បានឱ្យដឹងថា មកដល់ពេលនេះ ប្រទេសចិន បានផ្តល់ជំនួយវ៉ាក់សាំងមក កាន់កម្ពុជាសរុប ២៨,៧២៤,៨០០ដូស ក្នុងនោះ ២០លានដូសជាជំនួយថ្មី ដើម្បីគាំទ្រកម្ពុជាលើការប្រយុទ្ធប្រឆាំងប្រឆាំងជំងឺកូវីដ១៩ និងការពារអាយុជីវិតពលរដ្ឋកម្ពុជា ពីជំងឺរាតត្បាតសាកលមួយនេះ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជា មួយអ្នកសារព័ត៌មាន ក្នុងឱកាសទទួលជំនួយវ៉ាក់សាំងចិនចំនួន ៥លានដូស ជើងទី១ នាថ្ងៃទី២៩ខែមីនា ឆ្នាំ ២០២២ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង សុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងចំនួន ៥លានដូស នេះ គឺជាចំនួនវ៉ាក់សាំងក្នុង ចំណោមវ៉ាក់សាំង ២០លាន ដូស ដែលឯកឧត្តម ស៊ី ជិនពីង បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅ។ លោកជំទាវបន្ថែមថា នេះជា ជំហានទី១ នៃជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិនប្រមាណ៥លានដូស ដែលផ្តល់ឱ្យកម្ពុជា ខណៈដែលថ្ងៃនេះដឹកមកកម្ពុជាមានចំនួនជាង១,៥លានដូស និងដឹកជញ្ជូន២ជើងបន្ថែមទៀត នៅព្រឹកស្អែកដើម្បីគ្រប់ចំនួន ៥លានដូស។ ដោយឡែកវ៉ាក់សំាងចំនួន១៥លានដូសទៀត នឹងដឹកមកកម្ពុជា បន្ទាប់ពីមានការសម្រេចពីប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សំាងកូវីដ១៩ ដោយភាគីចិននឹងផ្តល់ជូនតាមតម្រូវការរបស់ភាគីកម្ពុជា ។
លោកជំទាវបញ្ជាក់ថា ប្រទេសចិនគឺជាអ្នកដែលបានជួយវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដំបូងគេមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះ វ៉ាក់សាំងជំនួយចំនួន ៦០ម៉ឺនដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះ ជំនួយវ៉ាក់សាំងរបស់ចិន ផ្តល់ឱ្យកម្ពុជាសរុប ២៨,៧២៤,៨០០ដូស។ ក្នុងនោះ ២០លានដូស ជាជំនួយថ្មី។
សំឡេង៖ «យើងចាត់ទុកថាប្រទេសចិនជាប្រទេសមួយ ដែលជាប្រទេសដែលផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជាជាយុទ្ធសាស្ត្រ ហើយកន្លងមកយើងបានទទួលវ៉ាក់សាំងជាជំនួយរបស់ចិនគឺច្រើនហើយ បើសរុបចំនួន២០លាននេះទៀត គឺយើងបានទទួលចំនួនជាង២៨លានរួចទៅហើយ។ ហើយយើងក៏បានបញ្ជាទិញទៅប្រទេសចិនជាង២៨លានដែរ។ ដូច្នេះហើយគ្រាន់តែសរុបវ៉ាក់សាំងដែលយើងទទួលពីចិន គឺជាង ៥៧ លានជាង សរុបទាំង២០លានទៀត។ ដូច្នេះខ្ញុំគិតថា អត់ មានប្រទេសណាដែលផ្តល់វ៉ាក់សាំងដល់កម្ពុជាច្រើនដូចប្រទេសចិននោះទេ។ ប៉ុន្តែទន្ទឹមនឹងនោះយើងក៏បានធ្វើការជាមួយដៃគូប្រទេសដែលជាដៃគូរបស់យើង មានខាងយន្តការកូវ៉ាក់ ប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងប្រទេសផ្សេងផ្សេងជាច្រើនទៀត ដោយនៅថ្ងៃ៦ខាងមុខនេះ សម្ដេចតេជោនឹងទទួលវ៉ាក់សំាងពីប្រទេសអ៊ីតាលី ចំនួន១លានដូសទៀត។ ដូច្នេះហើយយើងមានដៃគូជាច្រើនដែលជួយដល់កម្ពុជាក្រៅពីប្រទេសចិន ប៉ុន្តែក្នុងនេះប្រទេសចិនគឺឈានមុខគេក្នុងការផ្តល់វ៉ាក់សាំងដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។»
លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ទៀតថា មកដល់ពេលនេះកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៣ឆ្នាំឡើង បានរហូតដល់ជាង ៩២ ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ លទ្ធផលដ៏ល្អប្រសើរ លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ដោយកម្ពុជាបានយកវ៉ាក់សាំងចិន ធ្វើជាបង្អែកនៅក្នុងប្រតិបត្តិការរបស់ខ្លួន៕