កម្ពុជាអរគុណដល់រដ្ឋាភិបាលចិនដែលគាំទ្រដល់វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ«ទន្លេតែមួយអនាគតតែមួយ»

2022-04-01 17:14:40 |ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន នៃប្រទេសកម្ពុជា បានអរគុណដល់រដ្ឋាភិបាលចិនដែលគាំទ្រវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីរបស់អ្នកសារព័ត៌មានក្រោមប្រធានបទ«ទន្លេតែមួយអនាគតតែមួយ»ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន។

  នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្រសួងព័ត៌មានបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ«ទន្លេតែមួយ អនាគតតែមួយ »  ក្រោមអធិបតីភាព ឯកឧត្តម គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត និងបណ្តាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសសមាជិកកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គរួម មាន៖ ចិន, មីយ៉ានម៉ា, ឡាវ ថៃ និងវៀតណាមជាដើម។  វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងទម្រង់កូនកាត់ ដែលមានអ្នកចូលរួមដោយផ្ទាល់ចំនួន៥០នាក់ និងមួយចំនួនទៀតចូលរួមពីចម្ងាយតាមប្រព័ន្ធ Zoom មានគោលបំណងពង្រឹងចំណេះដឹង និងវិជ្ជាជីវៈក្នុងចំណោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង អ្នកសារព័ត៌មានរួម និងលើកកម្ពស់ការចែករំលែកព័ត៌មាន។  

  ឯកឧត្ដម គឹម គុណវឌ្ឍន៍ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង និងសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបាន គាំទ្រមូលនិធិដល់ការរៀបចំនេះ ក្រោមមូលនិធិពិសេសឡានឆាង-មេគង្គ ។  ការជួបជុំអ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានតាមបណ្តាប្រទេសសមាជិក LMC នាថ្ងៃនេះ គឺជាការចាប់ផ្តើមមួយដ៏ល្អ ដើម្បីពង្រឹងចំណេះដឹងនិងវិជ្ជាជីវៈ ក្នុងចំណោមអ្នកសារព័ត៌មាន LMC ហើយក៏ជាវេទិកាសម្រាប់ អ្នកសារព័ត៌មាន រៀនសូត្រពីគ្នា ពិភាក្សាគ្នា បង្កើតបណ្តាញ (networking) និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកអំពីតួនាទីរបស់អ្នកសារព័ត៌មានក្នុងការចូលរួមចំណែកពង្រឹងនូវកិច្ចសហប្រតិបត្តិការ LMC លើកកម្ពស់សន្តិភាព វិបុលសុខ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ។

  សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ជាក្របខណ្ឌភូមិសាស្រ្តយុទ្ធសាស្ត្រថ្មីមួយទៀត ដែលមានលក្ខណៈពិសេសប្លែក ជំរុញដោយកម្លាំងផ្ទៃក្នុង នៃបណ្តាប្រទេសតាមដងទន្លេមេគង្គ ដែលមានប្រជាជនសរុបប្រមាណ ១.៦ពាន់លាននាក់។ ទន្លេដែលមានប្រភពនៅតំបន់ទីបេ ដែលចិនហៅថាទន្លេឡានឆាង បានហូរកាត់ប្រទេសចំនួន៥ រួមមាន៖ មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម មានប្រវែងរហូតដល់ ៤,៨៨០គីឡូម៉ែត្រ ហៅថាទន្លេមេគង្គ។ ប្រទេសទាំង៦ បានតភ្ជាប់ភូមិសាស្ត្រដោយភ្នំ ខ្ពង់រាប វាលរាប និងទន្លេ គឺមានមរតកវប្បធម៌ ទំនៀមទំលាប់ ប្រហាក់ប្រហែលគ្នា ចំណងមិត្តភាពដ៏រឹងមាំ និងជាអ្នកជិតខាងល្អ៕