ឯកឧត្តមកឹមរ័ត្ន វិសិដ្ឋ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋអញ្ជើញជាអធិបតីក្នុងពិធីចែក កាតាប និងសម្ភារៈសិក្សាជាជំនួយរបស់ចិនជួយដល់សិស្សសាលាបឋមសិក្សាចំនួន៥នៅខេត្តកែប

2022-04-06 17:49:42 |ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែក នូវកាតាប  និងសម្ភារៈសិក្សានៃគម្រោងកញ្ចប់Pandaសរុបចំនួន ១,១៣៤កញ្ចប់ ដល់សិស្សានុសិស្ស  ក្នុងសាលាបឋមសិក្សាចំនួន ៥ ស្ថិតក្នុងខេត្តកែប ដែលប្រព្រឹត្តឡើងនៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅសាលាបឋមសិក្សាអូក្រសារ ស្ថិតនៅសង្កាត់អូក្រសារ ក្រុងកែប ខេត្តកែប។

  លោក  ងួន ចន័្ទសុជាតា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត មានរបាយការណ៍ថា សាលាបឋមសិក្សាទូទាំងខេត្តកែប  មានចំនួន ២២សាលា ចែកជា ៦កម្រងសាលា មានថ្នាក់រៀនសរុបចំនួន ១៩៥ថ្នាក់ មានសិស្សសរុប៦,០០៣នាក់ ស្រី២,៩០០នាក់ និងមានបុគ្គលិកអប់រំសរុប ២៨០នាក់ ស្រី ១៤១នាក់ ក្នុងបឋមសិក្សារដ្ឋមានថ្នាក់រៀនសរុបចំនួន១៨៣ថ្នាក់ មានសិស្សសរុប ៥,៤៨១នាក់ ស្រី២,៦២១នាក់ និងមានបុគ្គលិកអប់រំសរុបចំនួន ២៦០នាក់ ស្រី១៣០នាក់ ចំពោះសាលាឯកជនមាន១កន្លែង មានថ្នាក់រៀនសរុប១១ថ្នាក់ មានសិស្សសរុបចំនួន ៥២២នាក់ ស្រី ២៧៩នាក់ និងមានបុគ្គលិក បង្រៀនសរុបចំនួន ១៧នាក់ ស្រី ១១នាក់។

  ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប  បានថ្លែងអំណរគុណ ដល់មូលនិធិចិនកាត់បន្ថយភាពក្រីក្រតាមរយៈ វេទិកាសម្ព័ន្ធសង្គមស៊ីវិល  ដែលបានចូលរួមលើកស្ទួយវិស័យអប់រំនៅក្នុងខេត្តកែប ក្នុងការឧបត្ថម្ភគាំទ្រ  ជាសម្ភារៈសិក្សាដល់ក្មួយៗ  សិស្សានុសិស្ស  ដែលមានជីវភាពខ្វះខាត មិនមានលទ្ធភាពទិញសម្ភារៈសម្រាប់សិក្សា។ ឯកឧត្តម  បន្តថា   ក្រោយពីទទួលបានសុខសន្តិភាព ខេត្តកែប  មានការរីកចម្រើនលើគ្រប់វិស័យ  ជាក់ស្តែងវិស័យអប់រំ  សាលារៀនបានរីកដុះដាលគ្រប់ទីកន្លែង  ងាយស្រួលដល់សិស្សានុសិស្សបានសិក្សារៀនសូត្រ ទាំងអស់នេះគឺស្ថិតក្រោមការដឹកនាំគោលនយោបាយ  ឈ្នះ ឈ្នះ  របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង  ដែលលោកបានខិតខំប្រឹងប្រែងរាល់ការលំបាក  ដើម្បីធានាអោយបាននៅស្ថិរភាព សន្តិភាព ក្នុងប្រទេសកម្ពុជាទាំងមូល ។

  ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) មានប្រសាសន៍ថា កាតាបនិងសម្ភារៈសិក្សាទាំងនេះ ជាការឧបត្ថម្ភពីក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុន លក់សម្ភារៈ onlineធំជាងគេនៅប្រទេសចិន ដែលបានឧបត្ថម្ភ  កាតាប និងសម្ភារៈសិក្សាតាមរយៈមូលនិធិចិន  ដើម្បីកាត់បន្ថយភាពក្រីក្រ ផ្តល់ជូន វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស)  ដើម្បីចែកជូនដល់សិស្សានុសិស្សនៅតាមសាលារៀននៅតំបន់ដាច់ស្រយាល  និងជួបការលំបាក នេះគឺជាការចូលរួមចំណែកមួយផ្នែកក្នុងការសម្រាលដល់ការចំណាយថវិការបស់អាណាព្យាបាលសិស្សក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។

  ឯកឧត្តមបន្តថា ដោយមានកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល  និងអង្គការសង្គមស៊ីវិល(វ.ស.ស)  បាននិងកំពុងខិតខំកៀរគរជំនួយឧបត្ថម្ភពីដៃគូសហប្រតិបត្តិការជាតិ  និងអន្តរជាតិ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

    ឯកឧត្តមបានដាស់តឿនដល់ក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រក្រេបយកចំណេះដឹង  ដើម្បីអភិវឌ្ឍន៍ខ្លួន  ឲ្យក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ  ពិតណាស់ការខិតខំប្រឹងប្រែង តែងតែទទួលបានជោគជ័យ  ហើយគ្មានជោគជ័យណា កើតចេញពីការមិនខិតខំប្រឹងប្រែងនោះទេ ដូច្នេះក្មួយៗសិស្សានុសិស្ស ត្រូវតែខិតខំប្រឹងប្រែង  ក្រេបយកចំណេះដឹង  ពិសេសត្រូវមានការសិក្សារៀនសូត្រ ស្រាវជ្រាវ មេរៀនតាមប្រព័ន្ធ អ៊ីនធើណេត ដែលជាចំណេះដឹងបន្ថែម ។

  ជាមួយគ្នានេះ  ឯកឧត្តម  ក៏បានជំរុញណែនាំដល់ក្មួយៗជាសិស្សានុសិស្សត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន  និងត្រូវធ្វើអនាម័យឲ្យបានជាប្រចាំមុនពេល ឬក្រោយពេលប៉ះពាល់សត្វ  ឬរបស់របរអ្វីមួយ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ  អាល់កុល  ឬជែល សម្លាប់មេរោគ ត្រូវពាក់ម៉ាស់  នឹងត្រូវមានគម្លាតពីគ្នា ដើម្បីការពារពីការឆ្លងជំងឺកូវីដ-១៩៕