យោងតាមការផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជានាថ្ងៃទី៥ខែមេសានេះបានឱ្យដឹងថា មុនថ្ងៃពិធីបុណ្យឆេងម៉េង(Qingming) លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានតំណាងឱ្យស្ថានទូតអញ្ជើញរៀបចំកម្មវិធីឆេងម៉េងនៅស្ដូបគោរពវិញ្ញាណក្ខន្ធវីរជនរក្សាសន្តិភាពខេត្តកំពង់ចាម ដើម្បីរំលឹកគុណដល់វីរជនChen ZhiguoនិងYu Shiliដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាននៅក្នុងបេសកកម្មរក្សាសន្តិភាពក្នុងប្រទេសកម្ពុជា។ មន្រ្តីស្ថានទូតចិននិងក្រុមគ្រួសារ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តបុរាណចិនដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា ការិយាល័យប្រចាំកម្ពុជានៃក្រុមហ៊ុនចិនCRBCសរុប៣៤រូបបានអញ្ជើញចូលរួមក្នុងពិធីខាងលើ។
លោក Wu Guoquan បានដាក់កម្រងផ្កានិងថ្លែងអត្ថបទរំលឹកគុណនៅទីតាំងខាងលើ។ លោកមានប្រសាសន៍ថា កាលពី២៩ឆ្នាំមុន វីរជនអង់អាចក្លាហានទាំងពីររូបខាងលើបានពលីអាយុជីវិតនិងលះបង់យុវវ័យរបស់ពួកគេ ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះយើងនៅតែរំជួលចិត្តជាពន់ពេក។ កាលពីឆ្នាំ២០០៨មុនថ្ងៃពិធីបុណ្យឆេងម៉េង ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងខួបអនុស្សាវរីយ៍លើកទី១៥នៃការពលីកម្មរបស់វីរជនចិន ស្ថានទូតចិនប្រចាំកម្ពុជានិងក្រសួងការពារជាតិកម្ពុជាបានសាងសង់ស្ដូបគោរពវិញ្ញាណក្ខន្ធនៅទីតាំងដែលពួកគេបានប្រយុទ្ធ ដើម្បីរំលឹកគុណនិងក៏ជាសក្ខីភាពនៃចំណងផ្សារភ្ជាប់គ្នារវាងប្រជាជនទាំងពីរប្រទេស។ យើងមិនត្រឹមតែត្រូវចងចាំវីរជនរក្សាសន្តិភាពដែលបានយកអាយុជីវិតនិងឈាមស្រស់របស់ពួកគេក្នុងការស្វែងរកសន្តិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ក៏ត្រូវចងចាំកម្លាំងកម្មករដ៏សាមញ្ញនីមួយៗបានរួមចំណែកការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាក្រោមតំណក់ញើសឈាមរបស់ពួកគេ និងត្រូវបានកត់ត្រារួមគ្នាក្នុងកំណត់ត្រាប្រវត្តិសាស្រ្តនៃចំណងមិត្តភាពចិននិងកម្ពុជា។
លោក Wu Guoquan បានបន្តទៀតថា សិក្សាពីព្រឹត្តិការណ៍វីរជន ផ្សព្វផ្សាយស្មារតីវីរជន គឺត្រូវបង្ហាញពីស្មារតីវីរភាពមិនធម្មតានៅក្នុងការងារធម្មតា។ យើងគួរតែផ្សព្វផ្សាយពីមួយជំនាន់ទៅមួយជំនាន់អំពីវីរជនចិន ដើម្បីអភិវឌ្ឍផ្សព្វផ្សាយអំពីស្មារតីវីរភាពដ៏មានតម្លៃរបស់ពួកគេនៅក្នុងយុគសម័យថ្មី ដើម្បីឱ្យក្លាយជាថាមពលជំរុញស្មារតីយូរអង្វែងនិងមិនសាបសូន្យ។ យើងត្រូវចងចាំប្រវត្តិសាស្រ្ត រំលឹកគុណវីរជន និងស្រលាញ់សន្តិភាពនិងការអភិវឌ្ឍន៍ដែលបានមកដោយការលំបាក រក្សាចំណងមិត្តភាពចិន-កម្ពុជាដែលប្រៀបដូចមាសដ៏មានតម្លៃ ស្រោចស្រពលើដែនដីមួយនេះ បង្កើតបានជាបុប្ផានៃចំណងមិត្តភាពឱ្យកាន់តែស្រស់បំព្រង។
លោកស្រី Xu Fengqin អ្នកដឹកនាំក្រុមអ្នកជំនាញវេជ្ជសាស្រ្តបុរាណចិនដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា និងជាអនុប្រធានមន្ទីរពេទ្យចិនXiyuan មានប្រសាសន៍ថា ក្រុមអ្នកជំនាញចិនប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដំបូងគេដែលត្រូវបានចាត់បញ្ជូនមកកាន់ប្រទេសកម្ពុជានឹងតែងនឹករលឹកដល់វីរជនបដិវត្តន៍ ចងចាំអំពីសមិទ្ធផលស្នាដៃដ៏អស្ចារ្យរបស់វីរជនប្រជាជន និងរួមចំណែកការងារក្នុងការស្ដារប្រទេសចិននិងការកសាងសហគមន៍សុខភាពសុខាភិបាលមនុស្សជាតិ។
លោក Gao Xin អគ្គនាយករងនៃការិយាល័យក្រុមហ៊ុនចិនCRBC មានប្រសាសន៍ថា ក្នុងនាមជាវិស្វករជនជាតិចិនមួយរូប លោកនឹងតែងប្រកាន់ខ្ជាប់នូវមរតកដ៏ថ្លៃថ្លារបស់វីរជនទាំងឡាយ និងប្រែក្លាយពីអារម្មណ៍ក្តុកក្តួលនិងការអាឡោះអាល័យរបស់វីរជនលើបេសកកម្មរបស់ពួកគេមកជាកម្លាំងជំរុញបន្តកសាងផ្លូវថ្នល់ស្ពាននិងរួមចំណែកក្នុងសង្គមនៅលើទឹកដីដ៏ស្រស់ស្អាតមួយនេះ បន្តខិតខំប្រឹងប្រែងកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ដែលមានគុណភាពខ្ពស់ ដើម្បីផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាជនចិននិងកម្ពុជាដោយតាមរយៈកិច្ចសហប្រតិបត្តិការជោគជ័យរួម៕