ការស្ទង់មតិក្នុងសាលាមធ្យមសិក្សាជាច្រើនរបស់ប្រទេសចិនបានបង្ហាញថា សិស្ស៩០%ប្រើវេទិកាវីដេអូខ្លី

2022-04-12 16:47:06 |ប្រភព:人民日报

  ថ្មីៗនេះ​ អ្នកសារព័ត៌មានបានស្ទង់មតិក្នុងសាលាមធ្យមសិក្សារបស់ទីក្រុងហាងចូវប្រទេសចិន បានរកឃើញសិស្ស៩០%ប្រើវេទិកាវីដេអូខ្លី ឪពុកម្តាយជិត៥០%បានរៀបរាប់ថា កូនរបស់គាត់មានការញៀនវីដេអូខ្លីៗ ឪពុកម្តាយជាង ៥០% បានយល់ឃើញថា ការញៀនវីដេអូខ្លីៗប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើការលូតលាស់របស់ក្មេងជំទង់ ។

  ដើម្បីងាយស្រួលទាក់ទងគ្នា លោកស្រី ចូវ បានទិញទូរស័ព្ទដៃថ្មីមួយគ្រឿងឱ្យកូនដែលជាសិស្សថ្នាក់ទី៧ អ្វីដែលមិននឹកស្មានដល់គឺកូនរបស់លោកស្រីបានញៀននឹងវីដេអូខ្លីៗ ។

  ករណីបែបនេះមានច្រើនណាស់ ។ បើកApp storeក្នុងទូរស័ព្ទដៃ មានAppវីដេអូខ្លីជាច្រើនបែបត្រូវបានចុះបញ្ជីថា "App ត្រូវតែមានក្នុងទូរស័ព្ទដៃ" ។ បញ្ហាកូនញៀនវីដេអូខ្លីក្លាយជាបញ្ហាពិបាករបស់ឪពុកម្តាយក្នុងប្រទេសចិន ។

  ចំពោះខ្លឹមសារក្នុងវីដេអូខ្លី ឪពុកម្តាយយកចិត្តទុកដាក់លើមនុស្សល្បីល្បាញបណ្តាញអ៊ីនធើណែតមានឥទ្ធិពលអវិជ្ជមាន និងការបំផ្លើសការពិតជាដើម ។ មានឪពុកម្តាយបញ្ជាក់ថា ការញៀនវីដេអូខ្លីៗដូចជា”ចម្អិនកង្កែបឆ្អិនក្នុង​ទឹកក្តៅឧណ្ហៗ” “បណ្តាញអ៊ីនធើណែតមានខ្លឹមសារគ្រប់យ៉ាង ដែលប៉ះពាល់ផលអវិជ្ជមានកម្រិតខុសគ្នាដល់កូន ដែលចាប់ពីអារម្មណ៍ ទៅដល់ការសិក្សា ព្រមទាំងការវិភាគលើគុណតម្លៃផងដែរ ។”

  លោកស្រី យ៉ាង ជូន ប្រធាននាយកដ្ឋានផ្នែកចិត្តវិទ្យានៃវិទ្យាស្ថានការអប់រំ នៃសាកលវិទ្យាល័យគរុកោសល្យហាងចូវបានបញ្ជាក់ថា​ “វីដេអូខ្លីផ្សព្វផ្សាយឆាប់រហ័ស និងមានទស្សនិកជនទូលំទូលាយ  ការជៀសវាងពីវីដេអូខ្លីមិនងាយស្រួលទេ វីដេអូខ្លីក៏មានខ្លឹមសារវិជ្ជមាន និងថាមពលវិជ្ជមានជាច្រើនផងដែរ។ ប៉ុន្តែ ទោះជាខ្លឹមសារមានវិជ្ជមាន និងអវិជ្ជមាន ការមើលវីដេអូខ្លីៗពិតនឹងមានប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរលើរាងកាយ និងចិត្តរបស់មនុស្សវ័យក្មេងមិនខាន ជាពិសេស ក្មេងខ្លះស្រឡញ់ការធ្វើត្រាប់តាមតួអង្គ និងសកម្មភាពនៅក្នុងវីដេអូខ្លី ដែលរងឥទ្ធិពលដល់សុខភាពនៃការលូតលាស់របស់ពួកគេ ។”

  អ្នកជំនាញបានយល់ឃើញថា បរិយាកាសល្អក្នុងគ្រួសារ ការគាំទ្រល្អពីសង្គម ចំណង់ចំណូលចិត្តដែលមានសុខភាពល្អ ចំណាប់អារម្មណ៍វិជ្ជមាន និងការប្រើប្រាស់ទូរស័ព្ទដៃដោយមានរយៈពេលសមស្រប ទាំងអស់នេះជាកត្តាការពារនឹងការញៀន ។ ឪពុកម្តាយត្រូវដើរតួនាទីគំរូ ការគ្រប់គ្រងពេលវេលមើលវីដេអូខ្លីនៅមុខកូន ។ ស្ថានប័នពាក់ព័ន្ធត្រូវបង្កើនការគ្រប់គ្រង និងត្រួតពិនិត្យលើវេទិកាវីដេអូខ្លី និងសម្អាតខ្លឹមសារវីដេអូខ្លី ហើយធ្វើឱ្យការliveតាមអ៊ីនធើណែតមានស្តង់ដារកាន់តែប្រសើរ ។

  ប្រភព៖កាសែតប្រជាជនដេលី

  អ្នកបកប្រែ៖刘蓉