ក្រសួងការបរទេសចិនឆ្លើយតបនឹងការបញ្ចូលខ្លឹមសារពាក់ព័ន្ធនឹងប្រទេសចិនក្នុងរបាយការណ៍របស់អាមេរិកអំពីសិទិ្ធមនុស្សរបស់ប្រទេសដទៃឆ្នាំ២០២១ ដោយបានអះអាងថារបាយការណ៍នេះមិនខ្វល់ពីការពិតជាក់ស្តែងនិងបំភ្លៃការពិតទាំងស្រុង

2022-04-14 17:46:45 |ប្រភព:CRI

  ថ្ងៃទី​១២ ខែ​មេសា ក្រសួង​ការ​បរទេស​អាមេរិក​បាន​ចេញផ្សាយ​ «របាយការណ៍អំពី​សិទិ្ធ​មនុស្ស​របស់​ប្រទេស​ដទៃ​ឆ្នាំ​២០២១​» ក្នុង​ន័យ​វាយ​ប្រហារ​ប្រព័ន្ធរបប​នយោបាយ​និង​សភាពការណ៍​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ចិន​ ។ ថ្លែង​ក្នុ​ងសន្និសីទ​សារព័ត៌មាន​ លោក  Blinken រដ្ឋមន្ត្រីការ​បរទេស​អាមេរិក​បានប្រើ​ពាក្យ​សំដី​មិន​ត្រឹម​ត្រូវ​ដែល​ពាក់ព័ន្ធដល់​បញ្ហា​តំបន់​ស៊ីនជាំង ​ហុងកុង​និង​ស៊ីចាំងរបស់​ប្រទេស​ចិន​ ។ ទាក់ទិន​នឹង​រឿង​នេះ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​របស់​ក្រសួង​ការ​បរទេសចិន​នា​ថ្ងៃទី​១៣ ខែ​មេសា លោក Zhao Lijian អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​លើកឡើង​ថា ​ខ្លឹមសារ​ពាក់ព័ន្ធនឹង​​ប្រទេស​ចិន​ក្នុង​របាយការណ៍របស់អាមេរិក​អំពី​សិទិ្ធ​មនុស្ស​របស់​ប្រទេស​ដទៃ​ឆ្នាំ​២០២១​ និងការ​បង្ហាញ​អាកប្បកិរិយា​ពាក់ព័ន្ធ​របស់​លោក  Blinken រដ្ឋមន្ត្រីការ​បរទេស​អាមេរិក គឺមិនខ្វល់​ពីការពិតជាក់ស្តែងនិង​បំភ្លៃការពិតទាំងស្រុង ពោលគឺ​ពោរពេញទៅដោយ​ពាក្យ​កុហកខាង​នយោបាយ​និង​ភាពលំអៀង​ខាង​មនោគមវិជ្ជា ប្រទេស​ចិន​មិនពេញចិត្ត​យ៉ាង​ខ្លាំង​ហើយ​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះរឿង​នេះ ។

  លោក Zhao Lijian បាន​ថ្លែង​ទៀត​ថា ​សិទ្ធិមនុស្ស​របស់​ប្រទេសចិន​​មាន​សភាពការណ៍យ៉ាង​ណា ក្នុង​ដួង​ចិត្ត​របស់​ប្រជាជន​ចិន​មាន​ការ​វាយ​តម្លៃ​របស់​ខ្លួន​ សមត្ថភាពអភិបាល​កិច្ច​របស់​រដ្ឋាភិបាល​ចិន​មាន​កម្រិត​យ៉ាង​ណា សហគមន៍អ​ន្តរជាតិសុទ្ធតែ​បាន​មើលឃើញ​យ៉ាង​ច្បាស់​ ។ ប្រការ​ដែលអាមេរិក​គួរតែ​ធ្វើ​ គឺ​បញ្ឈប់​ភ្លាម​នូវ​ការនិយាយ​ឆ្ការ​ដៃឆ្ការជើង​ វាយ​ប្រហារ​និង​មួល​បង្កាច់​សភាពការណ៍​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ដទៃទៀត កែ​តម្រូវ​កំហុស​របស់​ខ្លួន​យ៉ាង​ប្រាកដប្រជា និង​ធ្វើ​រឿងដែល​មាន​ប្រយោជន៍ដល់​ការ​​កែ​លម្អសភាពការណ៍​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ខ្លួន​ ក៏​ដូច​ជា​ជំរុញ​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស​និង​បុព្វហេតុ​សុខាភិបាល​អន្តរជាតិ​ឱ្យ​បាន​ប្រាកដ​ប្រជា​ទើប​ជា​រឿង​ត្រឹម​ត្រូវ​ ៕