ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង បំពេញបេសកកម្មរបស់ សមាគមសារព័ត៌មាន កម្ពុជា-ចិន ហៅកាត់ថា សសកច ក្នុងរយៈកាលកន្លងទៅដែលបាន យកអស់កម្លាំងកាយនិងកម្លាំងចិត្ត ក្នុងការបម្រើសង្គមជាតិ និងអ្នកសារព័ត៌មាន ។
ការលើកឡើងរបស់លោករដ្ឋមន្ដ្រីបែបនេះ ក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រីបានអនុញ្ញាតឲ្យគណៈកម្មាធិការ នាយកសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (សសកច_CCJA) ដឹកនាំដោយ លោក សយ សុភាព ជាប្រធាន ជួបសម្ដែងការគួរសម នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ មុនបុណ្យចូលឆ្នាំខ្មែរ នាទីស្តីការក្រសួង។
តាងនាមឲ្យគណៈកម្មាធិការនាយក លោក សយ សុភាព បានជម្រាបលោករដ្ឋមន្រ្តី អំពីដំណើរការនិងសកម្មភាព របស់សមាគមដែលបំពេញ បេសកកម្មរបស់ខ្លួន ក្នុងរយៈកាលកន្លងមក ជាពិសេសបានចូលរួមស្វែងរកមូលនិធិ និងបានផ្តល់ជំនួយមនុស្សធម៌ ដល់អ្នកសារព័ត៌មានចំនួន២០០នាក់ ជួបការខ្វះខាត អំឡុងពេលបិទខ្ទប់កូវីដ-១៩ នាឆ្នាំ២០២០ និង២០២១ ។
លោកបន្ថែមថា សសកច បានចូលរួមចែកអំណោយ របស់សមាគមដល់មន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២១ ក្រៅពីនេះ ដោយមានកិច្ចសហការជាមួយ មូលនិធិសន្តិភាពអភិវឌ្ឍន៍ប្រទេសចិន បានរៀបចំសិក្ខាសាលាកម្រិតខ្ពស់ ប្រ័ពន្ធផ្សព្វផ្សាយប្រទេសមេគង្គឡានឆាង នាថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន៕