សត្វក្រៀលកខ្មៅនៅទីនេះកាន់តែច្រើនឡើងក្រោមការថែរក្សារយៈពេល ១៩ ឆ្នាំ

2022-04-15 17:16:45 |ប្រភព:人民日报

  តំបន់អភិរក្សសត្វក្រៀលកខ្មៅធម្មជាតិថ្នាក់ជាតិ ភ្នំតាប៉ាវ ទីក្រុងចូវតុង ខេត្តយូណាន ប្រទេសចិន ជាទីជម្រកឆ្លងរដូវរងាសម្រាប់សត្វក្រៀលកខ្មៅដែលជាសត្វក្រៀលកម្ររបស់ប្រទេសចិន ។ ក្នុងខែកញ្ញារៀងរាល់ឆ្នាំ ហ្វូងសត្វក្រៀលកខ្មៅនឹងហោះហើរទៅភ្នំតាប៉ាវជាក្រុម រហូតដល់ខែមីនា ឆ្នាំក្រោយនឹងហោះហើរទៅវិញ ។ លោកស្រី ឆាន កួងហ្វឹ ជាអ្នកថែរក្សាសត្វក្រៀលកខ្មៅនៅភ្នំតាប៉ាវ កិច្ចការរបស់គាត់គឺការរាប់ចំនួន និងការចិញ្ចឹមសត្វក្រៀលកខ្មៅ ព្រមទាំងគ្រប់គ្រងភ្ញៀវទេសចរដែលមកមើលសត្វក្រៀល ។

  ឆ្នាំនេះជាឆ្នាំទី ១៩ ដែលលោកស្រី ឆាន កួងហ្វឹថែរក្សារសត្វក្រៀលកខ្មៅ ។ ការថែរក្សាសត្វក្រៀលកខ្មៅរយៈពេលយូរ លោកស្រី ឆាន កួងហ្វឹ និងសត្វក្រៀលកខ្មៅអាចប្រាស្រ័យទាក់ទងគ្នាតាមរបៀបពិសេសរបស់ពួកគេ ។ លោកស្រីបានរៀបរាប់ថា “ពេលស្តាប់ខ្ញុំហួច សត្វក្រៀលកខ្មៅនឹងស្រែកយ៉ាងសប្បាយរីករាយ ។ ”

  នៅរដូវរងា ឆ្នាំ ២០០៨ ភ្នំតាប៉ាវមានព្យុះព្រិលខ្លាំង សីតុណ្ហភាពធ្លាក់ចុះ បឹង​ក៏​កក​ដែរ។ ពេលលោកស្រីចិញ្ចឹមសត្វក្រៀលកខ្មៅ គាត់រកឃើញជើងរបស់កូនសត្វក្រៀលកខ្មៅមួយក្បាលកកក្នុងទឹកកក មិនអាចផ្លាស់ទីបាន ។ លោកស្រី ឆាន កួងហ្វឹ យកថ្មមួយពីវាលស្មៅទៅបុកទឹកកកបំបែក សត្វក្រៀលកខ្មៅត្រូវបានសង្រ្គោះ ប៉ុន្តែ លោកស្រីបានធ្លាក់ក្នុងទឹកដោយចៃដន្យ ។ ព្រិលធ្លាក់ខ្លាំងណាស់ នៅក្បែរបឹងគ្មានមនុស្សទេ លោកស្រីត្រូវតស៊ូក្នុងទឹក ។ នៅពេលនេះ សត្វក្រៀលកខ្មៅមួយបានហោះហើរ និងស្រែកជំុរិញលោកស្រី ។ សំឡេងស្រែករបស់សត្វក្រៀលកខ្មៅធ្វើឱ្យលោកស្រីភ្ញាក់ឡើង គាត់ស្ងប់ចិត្ត ហើយឡើងលើច្រាំងយ៉ាងអស់ពីកម្លាំងកាយចិត្ត ។

  ពេលរំលឹកឡើងរឿងនេះ លោកស្រី ឆាន កួងហ្វឹ មានចាប់អារម្មណ៍ខ្លាំងណាស់ គាត់បានរៀបរាប់ថា “ខ្ញុំបានសង្រ្គោះសត្វក្រៀលកខ្មៅ សត្វក្រៀលកខ្មៅក៏សង្រ្គោះខ្ញុំផងដែរ ។” តាំងពីថ្ងៃនោះ លោកស្រី ឆាន កួងហ្វឹ និងសត្វក្រៀលកខ្មៅបានក្លាយជាមិត្តភក្តិដ៏ជិតស្និទ្ធ ។

  ក្រោមការថែរក្សាពីលោកស្រី ឆាន កួងហ្វឹ និងបុគ្គលិកការងាររបស់តំបន់អភិរក្ស ចំនួនសត្វក្រៀលកខ្មៅហោះហើរទៅភ្នំតាប៉ាវដើម្បីឆ្លងរដូវរងាកាន់តែច្រើន ដែលពីដំបូងមានចំនួន ៣០០ ​ក្បាលកើនដល់ចំនួន ១៩០០ ក្បាលនាពេលបច្ចុប្បន្ន ។ លោកស្រី ឆាន កួងហ្វឹបានបញ្ជាក់ថា “ការថែរក្សាសត្វក្រៀលកខ្មៅជាការទទួលខុសត្រូវរបស់ខ្ញុំ ខ្ញុំនឹងបន្តធ្វើការងារនេះបន្តទៅទៀត៕”

  អ្នកបកប្រែ៖刘蓉