ក្រុមហុ៑នចិនជូនចង្ក្រានសន្សំសំចៃថាមពលនិងការការពារបរិស្ថានចំនួន៥០០ដល់ប្រជាជននៅស្វាយរៀង

2022-04-27 15:45:06 |ប្រភព:វិទ្យុជាតិកម្ពុជា

  ស្វាយរៀង៖ រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ថ្លែងពីភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានESCAPកម្ពុជា បានមានប្រសាសន៍ថា អត្ថប្រយោជន៍នៃការចង្ក្រានព្រៃមាន់ខ្មែរដែលជាប្រភេទចង្ក្រានសន្សំសំចៃ និងចូលរួមកាត់បន្ថយការប្រើអុសនិងធ្យូង ហើយបានបង្កើនការចូលរួមចំណែកនៅក្នុងការកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាជនកម្ពុជាទៀតផង។ រួមជាមួយឯកឧត្តម ជ័យ សុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ឯកឧត្តមលី ធុជ ក៏បានថ្លែងនូវការកោតសរសើរចំពោះព្រះតេជគុណ Zhao Xin អនុប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិន លោក Bao Ji អគ្គនាយកក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co., Ltd. លោកWang Ke ប្រធានមូលនិធិPeaceland និងលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលបានចូលរួមចំណែកផ្តល់ចង្ក្រានចំនួន៥00 ដើម្បីចូលរួមបំពេញបាននូវតម្រូវការជាក់ស្តែងរបស់ប្រជាជននៅនឹងមូលដ្ឋាន ហើយការផ្ដល់ចង្ក្រានសម្រាប់ជូនដល់ប្រជាជននៅក្នុងសង្កាត់បាទីនាថ្ងៃនេះជាការបង្ហាញនូវសមានចិត្តដ៏ប្រពៃរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកក្នុងយន្តការនៃការកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាជនកម្ពុជា។ លោក Bao Ji បានគូសបញ្ជាក់តាមប្រព័ន្ធOnlineថា ការផ្ដល់ជូនចង្ក្រាននាពេលនេះគឺជាការចូលរួមវិភាគទានក្នុងការចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា និងចូលរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ។ លើសពីនេះ តាមរយៈចង្ក្រាននេះនឹងចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់អុស-ធ្យូង និងចូលរួមកាត់បន្ថយការបំពុលបរិស្ថាន ហើយតាមរយៈគម្រោងនេះនឹងចូលរួមលើកកម្ពស់ជីវភាពទាំងអ្នកផលិត និងអ្នកប្រើប្រាស់ចង្ក្រានថែមទៀតផង។ លោកក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការគាំទ្រដល់បេសកកម្មការងាររបស់ក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co., Ltd. មូលនិធិPeacelandរបស់ប្រទេសចិនក្នុងការចូលរួមចំណែកលើកកម្ពស់ជីវភាពកាន់តែប្រសើរជូនដល់ប្រជាជនកម្ពុជា៕