កម្ពុជានឹងបន្តសហការជាពិសេសជាមួយភាគីចិន លុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង

2022-04-27 15:47:28 |ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ កម្ពុជានឹងបន្តសហការជាពិសេសជាមួយភាគីចិន ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង តាមរយៈយន្តការសំខាន់ៗ ចំនួនបី។

  ថ្លែងនៅក្នុងខួបលើកទី៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា សម្រាប់ទិសដៅទៅអនាគត កម្ពុជានឹងបន្តពង្រឹងកិច្ចសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំង អស់ ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន តាមរយៈគំនិតផ្តួតផ្តើមខ្សែក្រវ៉ាត់និងផ្លូវ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមូលនិធិជំនួយសហប្រតិបត្តិការត្បូង-ត្បូងប្រទេសចិន ជាដើម ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង។

  សម្តេចក៏អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើ ទំនុក ចិត្ត, ភាពជាដៃគូដោយយកប្រជាជនជាស្នូល និងមូលដ្ឋានពហុភាគីនិយម ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនៈវិស័យ ពិភពលោកគ្មានជំងឺគ្រុនចាញ់ឆ្នាំ២០២៥។

  ដើម្បីអបអរសាទរខួបលើកទី ៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍ នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ សម្តេចក៏សូមគាំទ្រចំពោះគ្រប់សកម្មភាព និងកិច្ចសហប្រតិបត្តិការ ដែលបាន និងកំពុងអនុវត្ត ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ ជាពិសេស ការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការប្រើប្រាស់ឱសថអាតេមីស៊ីនីន ។

  សម្រាប់ប្រទេសកម្ពុជាដែលស្ថិតក្នុងមហាអនុតំបន់ទន្លេមេគង្គ ធ្លាប់មានជំងឺគ្រុនចាញ់ជាង ១៧ម៉ឺន ករណី និងស្លាប់ជិត ១.០០០នាក់ នាទស្សវត្សឆ្នាំ៨០ ។ ក្នុងឆ្នាំ ២០២១ កន្លងទៅជំងឺគ្រុនចាញ់បានថយចុះមកនៅចំនួន ៣.៩៥៩ ករណី និងគ្មានការស្លាប់រយៈពេល ៤ ឆ្នាំចុងក្រោយ បើទោះជាប្រឈមនឹងការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

  សមិទ្ធផលដ៏ត្រចះត្រចង់នេះកើតចេញពីការអនុវត្តនូវ យុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទិសដៅយុទ្ធសាស្រ្តចំនួនបួន រួមមាន៖ ១) ការធ្វើរោគវិនិច្ឆ័យនិងព្យាបាលឲ្យបានរហ័ស ២) ព្យាបាលដោយប្រើថ្នាំអាតេមីស៊ីនីនឲ្យបានត្រឹមត្រូវតាមរូបមន្តដើម្បីបញ្ជៀសភាពស៊ាំរបស់ថ្នាំនេះ ៣) បង្ការការចម្លងមេរោគគ្រុនចាញ់ដោយប្រើប្រាស់មុងជ្រលក់ថ្នាំ និង ៤) ការងារអប់រំលើកកម្ពស់សុខភាព ដោយមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះដែរ ប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តជាតិ គឺការផ្សារភ្ជាប់ដោយភាពទន់ភ្លន់ និងបត់បែន តាមយុទ្ធសាស្រ្តសកល និងតំបន់ ព្រមទាំងរៀនសូត្រដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក៕