លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតវិញក្នុងន័យលើកទឹកចិត្តដល់យុវជនបម្រើការងារផ្នែកអវកាសដ៏ច្រើនកុះករ ខិតខំប្រឹងប្រែងដើម្បីរួមចំណែកថ្មីក្នុងការសម្រេចបាននូវការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាខ្ពស់ផ្នែកអវកាសដោយឯករាជ្យម្ចាស់ការ

2022-05-05 17:51:00 |ប្រភព:CRI

  ខណៈពេលបុណ្យយុវជនថ្ងៃទី៤ ខែឧសភាជិតចូលមកដល់ នៅថ្ងៃទី២ ខែឧសភា  លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្ញើសារលិខិតតបវិញចំពោះក្រុមយុវជនកសាងស្ថានីយអវកាសនៃក្រុមហ៊ុនសាជីវកម្មវិទ្យាសាស្ត្របច្ចេកទេសអវកាសចិន ដោយជូនពរឱ្យក្រុមយុវជនលើវិស័យអវកាសទាំងអស់សប្បាយរីករាយក្នុងបុណ្យយុវជន ព្រមទាំងបានលើកឡើងនូវការរំពឹងទុកយ៉ាងខ្លាំងចំពោះយុវជនទាំងឡាយទៀតផង ។

   ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល៩ឆ្នាំកន្លងមក ចាប់ពីបន្ទប់ពិសោធន៍អវកាសTiangong ផ្កាយរណបនាំផ្លូវប៉ីតូវ យានអវកាសវាស់ស្ទង់ChangE  ដល់បន្ទប់ពិសោធន៍Tian He Tian Wenនិង Xi He បុព្វហេតុអវកាសរបស់ចិនបានបង្កើតប្រវត្តិសាស្ត្រថ្មីជាបន្តបន្ទាប់ យុវជនបម្រើការងារផ្នែកអវកាសជាច្រើនបានទទួលបន្ទុកដ៏ធ្ងន់ធ្ងរ និងរ៉ាប់រងកាតព្វកិច្ចដ៏សំខាន់ ដែលបានបង្ហាញឱ្យឃើញនូវស្មារតីឧស្សាហ៍ព្យាយាមនិងស្វែងរកការរីកចម្រើនរបស់យុវជនចិនក្នុងយុគសម័យថ្មី ។

  លោក Xi Jinping បានគូសបញ្ជាក់ថា កិច្ចកសាងប្រទេសខ្លាំងក្លាខាងអវកាសត្រូវពឹងផ្អែកលើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់ទៀត ។ លោកសង្ឃឹមឱ្យយុវជនបម្រើការងារផ្នែកអវកាសដ៏ច្រើនកុះករអាចផ្សព្វផ្សាយស្មារតីរបស់អ្នកបម្រើការងារផ្នែកអវកាសជំនាន់ចាស់ និងស្មារតីរបស់អវកាសផ្ទុកមនុស្ស ហ៊ានធ្វើការត្រួសត្រាយនិងច្នៃប្រឌិតថ្មី  បញ្ចេញភាពអស្ចារ្យរបស់យុវវ័យក្នុងដំណើរស្វែងរកសុបិន្តអវកាស ក៏ដូចជារួមចំណែកថ្មីដើម្បី សម្រេចបាននូវការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាខ្ពស់លើវិស័យអវកាសដោយឯករាជ្យម្ចាស់ការផងដែរ ៕