ក្រសួងការបរទេសចិនដាស់តឿនជាថ្មីម្តងទៀតឱ្យភាគីជប៉ុនលុបចោលការសម្រេចចិត្តខុសឆ្គងក្នុងការបញ្ចេញទឹកកខ្វក់នុយគ្លេអ៊ែរទៅក្នុងសមុទ្រ

2022-05-18 18:08:23 |ប្រភព:CRI

  លោក Wang Wenbin  អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ១៧ ខែឧសភាថា ប្រទេសចិនបានដាស់តឿនជាថ្មីម្តងទៀតឱ្យភាគីជប៉ុនយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភដ៏ត្រឹមត្រូវនិងសមហេតុផលរបស់សហគមន៍អន្តរជាតិនិងប្រជាជនជប៉ុន ដោយលុបចោលការសម្រេចចិត្តខុសឆ្គងក្នុងការបញ្ចេញទឹកកខ្វក់នុយគ្លេអ៊ែរចូលក្នុងសមុទ្រ និងបញ្ឈប់ការអនុវត្តគ្រប់កិច្ចការត្រៀមបម្រុងក្នុងការបញ្ចេញទឹកកខ្វក់ចូលទៅក្នុងសមុទ្រ ដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនយ៉ាងប្រាកដប្រជា។

  តាមការផ្សាយដំណឹងបានឱ្យដឹងថា ពេលថ្មីៗនេះ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូរបស់ប្រទេសជប៉ុនបានចាប់ផ្តើមប្រតិបត្តិការជីកបាតសមុទ្រនៅកន្លែងជុំវិញសមុទ្រដែលមានចម្ងាយ ១ គីឡូម៉ែត្រពីរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអែរទីមួយFukushima ដើម្បីរៀបចំការសាងសង់បំពង់លូនៅបាតសមុទ្រសម្រាប់បង្ហូរទឹកកខ្វក់នុយគ្លេអ៊ែរ។ ជុំវិញករណីនេះ លោក Wang Wenbin បានលើកឡើងថា ប្រទេសចិនបានចាប់អារម្មណ៍ចំពោះការផ្សាយដំណឹងដូចខាងលើ ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរឿងនេះ។

  លោក Wang Wenbin បានបង្ហាញទៀតថា  បណ្តាប្រទេសតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិកដែលរួមទាំងប្រទេសចិនផង មានការព្រួយបារម្ភយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការសម្រេចចិត្តខុសឆ្គងរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកកខ្វក់នុយគ្លេអ៊ែរដែលបណ្ដាលមកពីឧបទ្ទវហេតុនុយគ្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ៕