លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនជួបសន្ទនាជាមួយលោក Bilawal Bhutto Zardari រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន

2022-05-23 17:46:08 |ប្រភព:CRI

  នៅថ្ងៃទី ២២ ខែឧសភា នៅក្រុង Guangzhou លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាជាមួយលោក Bilawal Bhutto Zardari រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន ។

  ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា មិនថា ស្ថានការណ៍អន្តរជាតិមានបម្រែបម្រួលយ៉ាងណាក្តី ក៏ទំនាក់ទំនងរវាងចិននិងប៉ាគីស្ថាននៅតែរឹងមាំដូចថ្មនិងមិនអាចធ្វើឱ្យរង្គោះរង្គើបានទេ ។ ក្នុងបរិបទដែលស្ថានការណ៍ប្រឆាំងភេរវកម្មបច្ចុប្បន្នមានភាពតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ភាគីទាំងពីរគួរតែបង្កើនកិច្ចសហប្រតិបត្តិការនិងចាត់រាល់វិធានការដ៏ចាំបាច់ទាំងអស់ដើម្បីបង្ការជាដាច់ខាតកុំឱ្យហេតុការណ៍សន្តិសុខស្តីពីការបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់បុគ្គលិក បំផ្លាញស្ថាប័ននិងគម្រោងរបស់ចិននៅប្រទេសប៉ាគីស្ថានកើតឡើងម្តងទៀត ។ ប្រទេសចិនរីករាយបន្តផ្តល់ជំនួយដល់ប៉ាគីស្ថានក្នុងការវាយប្រហារភេរវនិយម ។

  ជាការឆ្លើយតប លោក Bilawal Bhutto Zardari បានគូសបញ្ជាក់ថា រដ្ឋាភិបាលប៉ាគីស្ថានអាណត្តិថ្មីបានចាត់ទុកការការពារប្រកបដោយប្រសិទ្ធភាពនូវសុវត្ថិភាពរបស់ពលរដ្ឋចិនទាំងអស់នៅប៉ាគីស្ថានថាជាកិច្ចការអាទិភាពខ្ពស់បំផុតនាពេលបច្ចុប្បន្ន ហើយកំពុងតាមចាប់ខ្លួនជនដៃដល់ដោយពេញទំហឹងដើម្បីផ្តន្ទាទោសយ៉ាងធ្ងន់។

  ជាងនេះទៅទៀត ភាគីទាំងពីរបានឯកភាពគ្នាថា នឹងធ្វើឱ្យយ៉ាងស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងដោយគ្រប់ជ្រុងជ្រោយនិងជំរុញកិច្ចកសាងរបៀងសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថានឱ្យប្រកបដោយសុវត្ថិភាព រលូននិងគុណភាពខ្ពស់ ៕