ថ្ងៃទី២៦ខែឧសភា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកស្រី Catherine Colonna រដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសបារាំង .
ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា នៅពេលមុននេះមិនជាយូរប៉ុន្មាន ប្រមុខរដ្ឋប្រទេសទាំងពីរចិននិងបារាំងបានធ្វើកិច្ចជំនួបតាមទូរស័ព្ទ ហើយបានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវទិសដៅទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ ប្រកាន់ខ្ជាប់ការគោរពផលប្រយោជន៍ស្នូលរៀងគ្នាទៅវិញទៅមក ។ ដូចច្នះ ក្រសួងការបរទេសនៃប្រទេសទាំងពីរគួររួមគ្នាអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសយើងទាំងពីរ ដើម្បីជំរុញទំនាក់ទំនងរវាងចិននិងបារាំង និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុបមានភាពកាន់តែស៊ីជម្រៅ ក៏ដូចជាធ្វើកិច្ចខំប្រឹងប្រែងថ្មីដើម្បីធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាព ។
ជាការឆ្លើយតប លោកស្រី Catherine Colonna បានថ្លែងថា ចិនជាដៃគូនិងមិត្តភក្តិដ៏សំខាន់របស់បារាំង ប្រទេសបារាំងយកចិត្តទុកដាក់ខ្ពស់ចំពោះការដែលអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសយើងទាំងពីរ និងផែនការប្រតិបតិ្តស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ បារាំងនឹងខិតខំប្រឹងប្រែងបង្កើនចំណងមេត្រីភាពរវាងបារាំងនិងចិន ហើយរីករាយរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់រវាងទ្វេភាគី ក៏ដូចជារំពឹងទុកថា អាចចាត់ទុកខួបទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសមួយ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើគ្រប់វិស័យរវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ ក៏ដូចជាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងបារាំងនិងចិនឱ្យឡើងដល់កម្រិតកាន់តែខ្ពស់ ៕