បទវិភាគ៖សំឡេងកាំភ្លើងបានលាតត្រដាងនូវរបាំងមុខលាក់ពុតរបស់"សិទ្ធិមនុស្សបែបអាមេរិក"

2022-05-27 16:24:18 |ប្រភព:CRI

  ករណីបាញ់ប្រហារដ៏ធ្ងន់ធ្ងរមួយលើកដែលកើតឡើងនៅសាលាបឋមសិក្សា Robb Elementary ដែលស្ថិតនៅក្រុង Uvalde រដ្ឋ Texas នៃអាមេរិក កាលពីថ្ងៃទី ២៤ ខែឧសភា តាមម៉ោងក្នុងតំបន់ គិតរហូតដល់បច្ចុប្បន្ននេះបានបណ្តាលឱ្យមនុស្សជាង ២០ នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះក៏បូករួមទាំងកុមារយ៉ាងហោចណាស់ ១៨ នាក់ផងដែរ ។ ករណីនេះគឺជាសោកនាដកម្មដែលគួរឱ្យអ្នកផងឈឺចាប់និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ កុមារដែលស្លាប់បាត់បង់ជីវិតទាំងនោះមិនត្រឹមតែជាជីវិតដែលពោរពេញទៅដោយភាពរស់រវើកប៉ុណ្ណោះទេ ថែមទាំងក៏ជាក្តីសង្ឃឹមនៃគ្រួសាររបស់ពួកគេផងដែរ ។ ដើមឡើយពួកគេមានអនាគតដ៏ល្អបវរ ប៉ុន្តែបច្ចុប្បន្ននេះ បែរជាបានក្លាយជាឧបករណ៍ត្រូវពលីក្នុងករណីហិង្សាដោយប្រើកាំភ្លើង ។ យ៉ាងណាមិញ បើនិយាយចំពោះអ្នកនយោបាយអាមេរិកមួយចំនួន នេះគឺជារឿងដែលបានបណ្តែតបណ្តោយទៅជាទម្លាប់ ។

  ករណីបាញ់ប្រហារដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្ញើលយ៉ាងខ្លាំងទាំងនេះបានធ្វើឱ្យប្រជាជនអាមេរិកខកចិត្តយ៉ាងខ្លាំង ។ អំពើហិង្សាដោយប្រើកាំភ្លើងបានក្លាយជាជំងឺប៉េស្តនិងជារោគម្យ៉ាងដែលមិនអាចព្យាបាលបានក្នុងសង្គមអាមេរិកជាយូរមកហើយ ។ របាយការណ៍ដែលចេញផ្សាយដោយក្រសួងយុត្តិធម៌អាមេរិកនាពេលថ្មីៗកន្លងទៅនេះបានបង្ហាញឱ្យឃើញថា ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០២០ ពាណិជ្ជករផលិតកាំភ្លើងរបស់អាមេរិកបានផលិតកាំភ្លើងសរុបជាង ១៣៩ លានគ្រឿងសម្រាប់ដាក់លក់នៅក្នុងទីផ្សារស៊ីវិល គ្រាន់តែនៅឆ្នាំ ២០២០ ប៉ុណ្ណោះ ពួកគេក៏បានដាក់លក់កាំភ្លើង ១១,៣ លានគ្រឿង ។ បើមើលពីសំបកក្រៅអាចឃើញថា មូលហេតុផ្ទាល់ដែលបានរារាំងដល់ការគ្រប់គ្រងកាំភ្លើងនៅអាមេរិក គឺ ការកំណត់អំពីការកាន់កាប់កាំភ្លើងរបស់ប្រជាពលរដ្ឋដែលមានចែងក្នុងច្បាប់វិសោធនកម្មទី ២ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកពិបាកនឹងផ្លាស់ប្តូរបាន។ តាមពិតទៅ បញ្ហានេះបាននិងកំពុងជំពាក់ជំពិននឹងបញ្ហាជាច្រើន ដូចជា ការបដិបក្ខគ្នារវាងគណបក្ស ក្រុមផលប្រយោជន៍និងការរើសអើងពូជសាសន៍នៅអាមេរិកជាដើម ។ ជាពិសេស នយោបាយអាមេរិកបានបម្រើដល់សំឡេងឆ្នោតនិងលុយកាក់ ដែលបណ្តាលឲ្យដំណើរការគ្រប់គ្រងកាំភ្លើងបានជួបប្រទះការលំបាកជាច្រើន ។

  គួរបញ្ជាក់ថា ក្នុងនាមជាអង្គការពាក់ព័ន្ធកាំភ្លើងធំបំផុតនិងជាក្រុមផលប្រយោជន៍ដ៏ខ្លាំងក្លារបស់អាមេរិក សមាគមកាំភ្លើងជាតិអាមេរិកហៅកាត់ថា NRA មានសមាជិកយ៉ាងហោចណាស់ ៥ លាននាក់និងមូលធនដ៏ច្រើនសន្ធឹក ។ សមាគមនេះមានឥទ្ធិពលខ្លាំងណាស់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ការបោះឆ្នោតជ្រើសរើសរដ្ឋសភា រហូតដល់ការតែងតាំងចៅក្រមនៃតុលាការកំពូលទៀតផង ។ ធាតុពិតនៃសមាគម NRA នេះគឺ ក្រុមឧស្សាហកម្មយោធាដែលបង្កើតឡើងដោយអ្នកនយោបាយនិងឈ្មួញសព្វាវុធវាបាននិងកំពុងជះឥទ្ធិពលយ៉ាងស៊ីជម្រៅចំពោះគោលនយោបាយនិងមតិសាធារណៈក្នុងសង្គមរបស់អាមេរិក ។

  លើសពីនេះទៅទៀត ភាពជ្រុលនិយមខាងនយោបាយនិងភាពបែកបាក់គ្នានៃសង្គមក៏ជាមូលហេតុសំខាន់ដែលបណ្តាលឱ្យអំពើហិង្សាដោយប្រើកាំភ្លើងមាននៅពាសវាលពាសកាលផងដែរ ។ និយាយរួម ប្រភាពនៃប្រការទាំងអស់នេះគឺ ដោយមកពីអាកប្បកិរិយាធ្វើព្រងើយកន្តើយមិនអើពើសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនសាមញ្ញរបស់អ្នកនយោបាយអាមេរិក ។ និយាយចំពោះអ្នកនយោបាយអាមេរិក អាយុជីវិតលើសពី ១ លាននាក់ដែលបានបាត់បង់ទៅដោយសារជំងឺកូវីដ ១៩ គឺ គ្មានអ្វីសោះ ហើយឈាមស្រស់ដែលពាសពេញគ្រប់ទីកន្លែងក្នុងករណីបាញ់ប្រហារក៏គ្មានអ្វីសោះដែរ មានតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួននិងអនុត្តរភាពបែបអាមេរិកប៉ុណ្ណោះទើបជាអ្វីដែលពួកគេចង់បាន ។

  គ្មានអ្នកណាអាចដឹងថា តើជីវិតស្រស់ៗបានបាត់បង់ជាបន្តបន្ទាប់ដោយសារកាំភ្លើងដល់ច្រើនប៉ុនណាទៀត ទើបអាចដាស់ឱ្យភ្ញាក់នូវសតិសម្បជញ្ញៈរបស់អ្នកនយោបាយអាមេរិក ។ ពេលពួកគេបានធ្វើព្រងើយកន្តើយមិនអើពើសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជាពលរដ្ឋប្រទេសខ្លួន តើពិភពលោកអាចជឿជាក់ថា ពួកគេនឹងយកចិត្តទុកដាក់យ៉ាងពិតប្រាកដដល់សិទ្ធិមនុស្សរបស់ប្រទេសដទៃមែនទេ ? សំឡេងកាំភ្លើងបានលាតត្រដាងនូវរបាំងមុខលាក់ពុតរបស់"សិទ្ធិមនុស្សបែបអាមេរិក"រួចហើយ ៕