ទីផ្សារទេសចរណ៍របស់ប្រទេសចិនបានងើបឡើងវិញយ៉ាងខ្លាំង បរិមាណសំបុត្រយន្តហោះឆ្លងប្រទេសបានកើនឡើងទ្វេដង

2023-01-30 17:12:22
ប្រភព:ស៊ីនហួចិន កាសែតដេលីយូណាន

កាលពីថ្ងៃទី២៧ ខែមករា ក្រសួងវប្បធម៌ និងទេសចរណ៍ចិនបានប្រកាសពីស្ថានភាពទីផ្សារវប្បធម៌ និងទេសចរណ៍ក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣ ថា ក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ ភ្ញៀវទេសចរធ្វើដំណើរក្នុងស្រុកមានចំនួន ៣០៨ លាននាក់ កើនឡើង ២៣.១%បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ក្នុងនោះ សម្រេចបានប្រាក់ចំណូលពីទេសចរណ៍ក្នុងស្រុកចំនួន ៣៧៥ ពាន់លានយន់ កើនឡើង ៣០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។

នៅក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេស មានចំនួនអ្នកដំណើរដែលរៀបចំទិដ្ឋាការ ទិញសំបុត្រយន្តហោះចេញចូលព្រំដែន និងសណ្ឋាគារជាច្រើន។ យោងតាមរបាយការណ៍របស់គេហទំព័រទេសចរណ៍ចិន Trip.com បានឱ្យដឹងថា ការបញ្ជាទិញនៃការធ្វើដំណើរចេញទៅក្រៅប្រទេសក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ បានកើនឡើង ៦៤០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ចំនួនការកក់សណ្ឋាគារនៅបរទេសដោយភ្ញៀវទេសចរចិនដីគោកបានកើនឡើងជាង ៤ ដង ហើយការបញ្ជាទិញសំបុត្រយន្តហោះឆ្លងដែនបានកើនឡើងជាង៤ដង បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ទីក្រុងបាងកក សិង្ហបុរី គូឡាឡាំពួ ឈៀងម៉ៃ ម៉ានីល និងកោះបាលី បានក្លាយជាគោលដៅទេសចរណ៍ឆ្លងដែនដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរចិន។

នៅទីក្រុងគុនមីង ខេត្តយូណាន “ផ្សារជួបទន្សាយ”នៅសួន១៩០៣ ក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ មានមនុស្សម្នាច្រើនកុះករ។ ផ្សារក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ បង្ហាញពីមុខងារសង្គមនៃការតាំងពិព័រណ៍ ហើយរៀបចំតូបចំនួនជាង ៣០ ដែលមានលក្ខណៈយុវជន គួរឱ្យចាប់អារម្មណ៍ និងទាន់សម័យ រួមទាំងសិប្បកម្មបេតិកភណ្ឌវប្បធម៌អរូបី ការសាកល្បងទំនៀមទម្លាប់ ផលិតផលដែលមានប្រវត្តិសាស្ត្រ។ល។ “ផ្សារជួបទន្សាយ”នេះ ជាផ្សារធំបំផុតក្នុងសួន១៩០៣ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលបានទាក់ទាញភ្ញៀវទេសចរដែលមកពីគ្រប់ទីកន្លែងមកទីនេះ​ ក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ។

ក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ ចំនួនភ្ញៀវទេសចរនៅក្នុងមណ្ឌល (ទីក្រុង)ចំនួន ១៦ នៃខេត្តយូណាន បានរក្សាល្បឿនកំណើនជាងពីរខ្ទង់(ជាង១០%)  ចំពោះមណ្ឌល(ទីក្រុង)ដែលមានទីតាំងស្ថិតនៅតំបន់ព្រំដែន ដូចជា ដឺហុង ស៊ីសួនប៉ាន់ណា ប៉ាវសានជាដើម ទេសចរណ៍ត្រូវបានងើបឡើងវិញគ្រប់ជ្រុងជ្រោយ ទីក្រុងច្រកព្រំដែនដីគោកចំនួន ១៩ ដូចជា រួយរី ថេងឆុង ជីងហុងជាដើម ត្រូវបានកើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងនោះ ក្រុងជីងហុង ថេងចុង ហ្វូនីងជាដើមបានទទួលភ្ញៀវទេសចរកើនឡើងជាង១៣០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ក្រុងរួយរីទទួលភ្ញៀវទេសចរចំនួន ៣៧៥០០០ នាក់ ទីផ្សារទេសចរណ៍បានងើបឡើងវិញយ៉ាងឆាប់រហ័ស៕

អ្នកយកព័ត៌មាន៖ Wang Huan  Li Jieyi

អ្នកបកប្រែ៖ Li Zha

ទីផ្សារទេសចរណ៍របស់ប្រទេសចិនបានងើបឡើងវិញយ៉ាងខ្លាំង បរិមាណសំបុត្រយន្តហោះឆ្លងប្រទេសបានកើនឡើងទ្វេដង