វេទិកាធនាគារគំនិតចិន-អាស៊ានឆ្នាំ ២០២២ ផ្តោតសំខាន់ទៅលើការអភិវឌ្ឍសកលនិងកិច្ចសហប្រតិបត្តិការ

2022-08-08 17:30:25
ប្រភព:CRI

  ថ្ងៃទី៥ ខែសីហា វេទិកាធនាគារគំនិតចិន-អាស៊ានឆ្នាំ ២០២២ បានបើកធ្វើនៅទីក្រុងប៉េកាំង។ ប្រធានបទនៃវេទិកាលើកនេះគឺ “ការអភិវឌ្ឍសកល៖ រួមវាសនា រួមគ្នាបើកប្រតិបត្តិការ”។

  ចាប់ពីប្រទេសចិនលើកឡើងគំនិតផ្តួចផ្តើមការអភិវឌ្ឍសកលនៅខែកញ្ញា ឆ្នាំ២០២១មក គំនិតផ្តួចផ្តើមនេះទទួលបានការឆ្លើយតបយ៉ាងសកម្មនិងការគាំទ្រពីសំណាក់សហគមន៍អន្តរជាតិ។ នៅក្នុងវេទិកានេះ អតីតនាយករដ្ឋមន្ត្រីថៃបានលើកឡើងថា គំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍសកលមានគោលបំណងឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ជួយប្រទេសនានាសម្រេចគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពរបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០៣០ ហេតុនេះវាទទួលបានការវាយតម្លៃដ៏ល្អពីសំណាក់ប្រទេសនិងអង្គការអន្តរជាតិជាច្រើន។ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅប្រទេសចិនបានសម្គាល់ថា ប្រទេសចិននិងឡាវអាចបង្កើនការតភ្ជាប់គ្នារវាងគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍសកលនិង«ទស្សនទានសហគមន៍រួមអាស៊ានឆ្នាំ ២០២៥» ហើយធ្វើកិច្ចសហប្រតិបត្តិការកាន់តែច្រើនផ្នែកកាត់បន្ថយភាពក្រីក្រ កសាងហេដ្ឋារចនាសម្ព័ន្ធ ស្បៀងអាហារនិងថាមពលជាដើម។

  លោក Chen Dehai លេខាធិការនៃលេខាធិការដ្ឋានចិន-អាស៊ានបានលើកឡើងថា ប្រព័ន្ធសារព័ត៌មានចិននិងអាស៊ានគួរផ្តោតសំខាន់ទៅលើការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩និងការស្តារសេដ្ឋកិច្ចឡើងវិញ និយាយរឿងរ៉ាវអំពីការអភិវឌ្ឍរវាងប្រទេសចិន-អាស៊ានឱ្យបានល្អ ដើម្បីបង្កើតបរិយាកាសមតិសាធារណៈដ៏ល្អប្រសើរសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំង២ដែលមានភាពកាន់តែស៊ីជម្រៅ៕

វេទិកាធនាគារគំនិតចិន-អាស៊ានឆ្នាំ ២០២២ ផ្តោតសំខាន់ទៅលើការអភិវឌ្ឍសកលនិងកិច្ចសហប្រតិបត្តិការ