បទវិភាគ៖ប្រឈមនឹងគ្រោះមហន្តរាយ អ្នកនយោបាយអាមេរិកគួរតែទម្លាក់ចុះនូវ “អាវុធបែបអាមេរិក”នោះទៅ

2023-02-09 18:02:41
ប្រភព:CRI

“យើងត្រូវការជំនួយ   យើងធុញទ្រាន់នឹងអ្វីទាំងអស់នេះ។ ប្រទេសប៉ែកខាងលិចកំពុងដាក់ទណ្ឌកម្មទៅលើប្រជាជនស៊ីរី ពួកគេចាំបាច់ត្រូវលុបចោលការដាក់ទណ្ឌកម្ម !” នៅថ្ងៃទី៧ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ នៅទីក្រុងALEPPO ដែលជាតំបន់រងគ្រោះរញ្ជួយដីនៅភាគខាងជើងប្រទេសស៊ីរី លោកស្រី Aisha al-Hilu ដែលជាគ្រូបង្រៀនមួយរូបក្នុងតំបន់នេះបានថ្កោលទោសដោយខឹងសម្បារចំពោះការដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់ប្រទេសលោកខាងលិចទៅលើស៊ីរី ។

នៅថ្ងៃទី៦ ខែកុម្ភៈ នៅតំបន់ភាគអាគ្នេយ៍របស់ប្រទេសតួកគីជាប់តំបន់ព្រំដែនប្រទេសស៊ីរី បានកើតមានគ្រោះរញ្ជួយដីកម្រិត ៧.៨រិច្ឆទ័រ ២លើក ។ តាមទិន្នន័យថ្មីបំផុតរបស់ក្រសួងសុខាភិបាលស៊ីរីបានឱ្យដឹងថា ត្រឹមតែនៅក្រុងALEPPO ទីប្រជុំជនខេត្តALEPPO ក៏មានអគារប្រហែល៥០ ខ្នងបានបាក់រលំ ចំនួនមនុស្សស្លាប់ឬរបួសបាននិងកំពុងកើនឡើងថែមមួយកម្រិតទៀត ។

និយាយចំពោះប្រជាជនស៊ីរីដែលបានរងទុក្ខសោកវេទនាពីសង្គ្រាមរ៉ាំរ៉ៃនិងវិបត្តិមនុស្សធម៌ គ្រោះរញ្ជួយដីយ៉ាងខ្លាំងលើកនេះធ្វើឱ្យសភាពការណ៍កាន់តែធ្ងន់ធ្ងរថែមទៀត។ ការងារជួយសង្គ្រោះបន្ទាប់ពីគ្រោះរញ្ជួយដីជាការងារបន្ទាន់ ធ្វើការងាររុករកនិងជួយសង្គ្រោះកាន់តែឆាប់ គឺមានឱកាសជួយស្រោចស្រង់អាយុជីវិតបានកាន់តែច្រើន ។ ប៉ុន្តែ ខណៈពេលនេះ ប្រទេសស៊ីរីកំពុងប្រឈមនឹងភាពលំបាកជាច្រើន ។

ក្រសួងការបរទេសស៊ីរីបានលើកឡើងថា ដោយមកពីបានរងការដាក់ទណ្ឌកម្មពីអាមេរិកនិងលោកខាងលិចក្នុងរយៈពេលយូរ បានជាក្នុងស្រុកស៊ីរី ខ្វះគ្រឿងបរិក្ខារជួយសង្គ្រោះ ដូច្នេះ បុគ្គលិកជួយសង្គ្រោះត្រូវចំណាយពេលវេលាពីរដងមកបំពេញការងារ រហូតដល់ប្រជាជនមានតែជីកកកាយគំនរបាក់បែកដោយដៃទទេ ។ លោក Emma Beals អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវមជ្ឈិមបូព៌ា ជាធនាគារគំនិតដែលមានទីចាត់ការទូទៅនៅក្រុង វ៉ាស៊ីនតោន បានលើកឡើងថា ផ្លូវចូលទៅកាន់ស៊ីរីរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យខកខានពេលវេលាដឹកជញ្ជូនសម្ភារៈជួយសង្គ្រោះ ។

ប្រឈមនឹងសភាពការណ៍ដ៏បន្ទាន់បែបនេះ សហព័ន្ធអឌ្ឍចន្ទក្រហមស៊ីរី គណៈកម្មាធិការប្រឆាំងការរើសអើងពូជសាសន៍អាមេរិក-អារ៉ាប់ជាដើម បាននាំគ្នាអំពាវនាវឱ្យអាមេរិកនិងលោកខាងលិចលុបចោលការដាក់ទណ្ឌកម្មដោយឯកតោភាគីទៅលើស៊ីរីក្នុងពេលឆាប់ៗ ដើម្បីចៀសវាងកុំឱ្យស្ថានការណ៍មនុស្សធម៌មានភាពកាន់តែអាប់អួរទៅថែមមួយកម្រិតទៀត ។ ប៉ុន្តែ ប្រជាជនគ្មានលំនៅដ្ឋាននៅរដូវរងា សម្រែកថ្ងួចថ្ងូរនៅក្រោមគំនរបាក់បែក និងក្តីអំពាវនាវរបស់សហគមន៍អន្តរជាតិ សុទ្ធតែមិនអាចដាស់ឱ្យភ្ញាក់នូវសតិសម្បជញ្ញៈរបស់អាមេរិកនោះទេ។ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានលើកឡើងយ៉ាងច្បាស់ថា គ្រាន់តែផ្តល់ជំនួយឧបត្ថម្ភតាមរយៈ “ដៃគូមនុស្សធម៌ក្នុងតំបន់” តែប៉ុណ្ណោះ អាមេរិកបដិសោធធ្វើការប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលស៊ីរីរបស់លោក អាសាត ។

ប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រទេសនិងតំបន់ជាច្រើននៅលើពិភពលោក ក្នុងនោះក៏បូករួមទាំងប្រទេសចិនផង បាននាំគ្នាផ្ញើការសួរសុខទុក្ខ និងផ្តល់ជំនួយឧបត្ថម្ភដល់ប្រទេសទាំងពីរ តួកគីនិងស៊ីរី ។ បើប្រៀបធៀបនឹងការសាមគី្គគ្នាជាធ្លុងមួយរបស់ពិភពលោកទាំងមូល ដើម្បីជួយសង្គ្រោះគ្រោះរញ្ជួយដី ទង្វើរបស់អាមេរិកគួរឱ្យអៀនខ្មាស់ និងធ្វើឱ្យអ្នកផងទាំងពួងខកចិត្ត ។

ប្រឈមនឹងគ្រោះមហន្តរាយ អ្នកនយោបាយអាមេរិកដែលតែងតែនិយាយបានតែមាត់ថា “សិទ្ធិមនុស្ស” និង “មនុស្សធម៌” សូមបង្ហាញពីទឹកចិត្តអាណិតអាសូរនិងផ្តល់ជំនួយតាមរយៈសកម្មភាពជាក់ស្តែងផង សូមប្រញាប់លុបចោលការដាក់ទណ្ឌកម្មដោយឯកតោភាគីទៅលើស៊ីរីឱ្យបានឆាប់ និងផ្តល់ភាពងាយស្រួលក្នុងការផ្តល់ជំនួយមនុស្សធម៌ កុំឱ្យគ្រោះមហន្តរាយធម្មជាតិក្លាយទៅជាគ្រោះចង្រៃដែលបង្កឡើងដោយមនុស្ស ៕

បទវិភាគ៖ប្រឈមនឹងគ្រោះមហន្តរាយ អ្នកនយោបាយអាមេរិកគួរតែទម្លាក់ចុះនូវ “អាវុធបែបអាមេរិក”នោះទៅ