នាព្រឹកថ្ងៃទី០៩ ខែឧសភា ពិធីសម្ពោធការនាំចេញចេកកម្ពុជាទៅកាន់ប្រទេសចិនបានរៀបចំនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា សហគ្រាសកម្ពុជាចំនួន៥ដែលទទួលការអនុញ្ញាតនាំចេញចេកទៅកាន់ប្រទេសចិន បានចាប់ផ្តើមដឹកជញ្ជូនចេកសរុបប្រមាណ១០០តោនពីភ្នំពេញ ចេកលើកនេះ នឹងត្រូវដឹកជញ្ជូនពីកំពង់សោមទៅកាន់ទីក្រុងសៀងហៃប្រទេសចិន។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់នៅក្នុងពិធីសម្ពោធថា លទ្ធផលនៃការនាំចេញចេកស្រស់ទៅកាន់ទីផ្សារចិនគឺមិនអាចសម្រេចបានឡើងបើគ្មានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងគ្រប់មជ្ឈដ្ឋាននៃប្រទេសទាំងពីរ ប្រទេសចិន និងកម្ពុជាគឺជាដៃគូទំនាក់ទំនងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាំងពីប្រធានរដ្ឋចិន លោកស៊ីជីនភីន បានលើកឡើងអំពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ កន្លងមក កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានទទួលផលជាផ្លែផ្កា គម្រោងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មក៏កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលប៉ាន់ស្មានថានៅឆ្នាំនេះអាចនាំចេញចេកយ៉ាងតិចប្រមាណ១៣ម៉ឺនតោន ហើយដល់ឆ្នាំ២០២០ ផលកសិកម្មនាំចេញពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនឹងមិនទាបជាង១លានតោននោះទេ។
ឯកឧត្តម វេង សាខុន បានសង្កត់ធ្ងន់ថា ឆ្លងកាត់ពិធីសម្ពោធលើកនេះ នឹងអាចជម្រុញការផលិត និងការនាំចេញនៃផលកសិកម្មប្រទេសកម្ពុជា ថែមទាំងជម្រុញសេដ្ឋកិច្ចកម្ពុជាក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ យើងជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសកម្ពុជានឹងអាចទទួលបានការរីកចម្រើនថ្មីដោយឥតឈប់ឈរ។ វិស័យកសិកម្មមានសក្តានុពល និងកាលានុវត្តភាពយ៉ាងធំសម្បើម ដែលយើងសង្ឃឹមថា នឹងមានសហគ្រាសកាន់តែច្រើនចូលរួមក្នុងវិស័យនេះ។
លោក Li An ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ថា ចេកកម្ពុជានាំចេញទៅកាន់ប្រទេសចិនលើកដំបូង គឺជានិមិត្តសញ្ញាដែលដើមឈើមិត្តភាពចិននិងកម្ពុជាបានរីកផ្កាសាជាថ្មី។ រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ក្នុងការស៊ីចង្វាក់គ្នារវាង គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវនៃប្រទេសចិននិង យុទ្ធសាស្ត្រចតុកោណនៃប្រទេសកម្ពុជា។ ប៉ុន្មានឆ្នាំកន្លងមក ការផ្លាស់ប្តូរក្នុងវិស័យកសិកម្មមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលបានក្លាយទៅជាចលករមួយក្នុងការញ៉ាំងឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍបានគ្រប់ជ្រុងជ្រោយ។
លោកបានបន្ថែមទៀតថា ប្រទេសកម្ពុជាសម្បូរប្រភេទកសិផលជាច្រើន ហើយមានគុណភាពយ៉ាងល្អប្រសើរ ប្រទេសចិនមានតម្រូវការទីផ្សារដ៏ធំសម្បើម និងបច្ចេកវិទ្យាកសិកម្មយ៉ាងជឿនលឿន ប្រទេសចិន និងកម្ពុជាបានបំពេញឱ្យគ្នាចំពោះឧត្តមភាពរបស់ខ្លួន ដែលបានទាក់ទាញសហគ្រាសចិនកាន់តែច្រើនមកដល់កម្ពុជាក្នុងការវិនិយោគលើវិស័យកសិកម្ម ហើយបានក្លាយជាវិភាគទានដ៏សកម្មសម្រាប់ជំរុញការអភិវឌ្ឍកសិកម្មតាមរយៈការធ្វើទំនើបភាវូបនិយកម្ម បន្ថែមឱកាសការងារដល់កសិករ លើកកម្ពស់ប្រាក់ចំណូលកសិករ និងកែសម្រួលជីវភាពរស់នៅរបស់កសិករជាដើម៕
អ្នកសារព័ត៌មាន៖ Yu Jiangning Ding Feng
អ្នកបកប្រែ៖ លីហ្សា