លំហូរសុទ្ធនៃការមកវិនិយោគផ្ទាល់នៅប្រទេសចិនក្នុងត្រីមាសទីមួយឆ្នាំនេះបង្កើតកំណត់ត្រាថ្មីបំផុតក្នុងប្រវត្តិសាស្រ្ត អ្នកជំនាញអះអាងថានេះគឺដោយសារមូលធនបរទេសមានសុទិដ្ឋិនិយមចំពោះអនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន

2022-04-28 17:38:10 |ប្រភព:CRI

  កាលពីថ្ងៃទី ២៧ ខែមេសា រដ្ឋបាលជាតិគ្រប់គ្រងរូបិយប័ណ្ណបរទេសនៃប្រទេសចិនបានប្រកាសទិន្នន័យបឋមស្តីពីតុល្យភាពនៃចំណូលចំណាយអន្តរជាតិរបស់ប្រទេសចិនក្នុងត្រីមាសទីមួយឆ្នាំនេះ។ តាមទិន្នន័យបង្ហាញថា ក្នុងត្រីមាសទីមួយ ចំណូលចំណាយអន្តរជាតិរបស់ប្រទេសចិនបានរក្សាតុល្យភាពជាមូលដ្ឋាន។ ក្នុងត្រីមាសទីមួយ លំហូរចូលសុទ្ធនៃការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ៦៥ ពាន់លានដុល្លារអាមេរិក ហើយលំហូរសុទ្ធនៃការមកវិនិយោគផ្ទាល់នៅប្រទេសចិនមានចំនួន១០៧ ពាន់លានដុល្លារអាមេរិក ដែលបានបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្ត។

  អ្នកជំនាញបានវិភាគថា នេះបានឆ្លុះបញ្ចាំងថាសេដ្ឋកិច្ចរបស់ប្រទេសចិនមានមូលដ្ឋានគ្រឹះរឹងមាំ និងមានភាពធន់។ អ្នកវិនិយោគបរទេសមានសុទិដ្ឋិនិយមចំពោះអនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន និងមានបំណងខ្លាំងក្នុងការធ្វើវិនិយោគនៅក្នុងប្រទេសចិន។ ចំណែកលំហូរសុទ្ធនៃការវិនិយោគផ្ទាល់របស់ប្រទេសចិនចំពោះបរទេសមានចំនួន ៤២ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជិត ៣% បើប្រៀបធៀបនឹងត្រីមាសទីបួននៃឆ្នាំ២០២១ វាបានឆ្លុះបញ្ចាំងថា សហគ្រាសចិនបានទៅធ្វើវិនិយោគនៅបរទេសដោយមានរបៀបរៀបរយ៕