ចូលដល់ថ្ងៃបុណ្យឆ្នាំថ្មីចិនផ្ទៃមេឃមិនទាន់ភ្លឺផង ស្ត្រីដាឡាឈូជាជនជាតិម៉ូសូដែលមកពីភូមិវ៉ាឡាបៀ ស្រុកនីនឡាំង ទីក្រុងលីចាំងបានក្រោកពីដំណេកហើយបង្កាត់ភ្លើងដាំទឹកពួកគេមមាញឹកណាស់ក្នុងការធ្វើម្ហូបសម្រាប់យប់ថ្ងៃបុណ្យចូលឆ្នាំច្មីចិន ពួកគេគ្មានពេលទំនេរនិយាយលេងជាមួយអ្នកដទៃ តែទឹកមុខនៅតែបញ្ចេញនូវស្នាមញញឹមជានិច្ច។
ម៉ោង៥ល្ងាច ក្នុងភូមិបានបន្លឺស្នូរសម្លេងផាវផ្ទុះ ដែលមានន័យថា ពេលបរិភោគបាយយប់ថ្ងៃបុណ្យចូលឆ្នាំថ្មីបានដល់ហើយ។ ស្ត្រី ដាឡាឈូ បែកញើសពេញក្បាលហើយលើកម្ហូបដាក់តុៗ កូនប្រុសឈរនៅក្បែររាប់ចំនួនម្ហូប “១ ២ ៣……១៦មុខ គ្រប់ហើយ។”
ម្ហូបអាហារចំនួន១៦មុខភាគច្រើនជាម្ហូបសាច់ ក្នុងចានមានដុំសាច់យ៉ាងធំ។ ស្ត្រីដាឡាឈូប្រាប់យើងថា កាលពីមុន ភូមិវ៉ាឡាបៀជាភូមិតូចហើយក្រីក្រ ដែលស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាល ហេតុនេះហើយបានជាពួកគេតែងតែសន្សំសំចៃម្ហូបល្អបំផុតសម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីចិន។ បច្ចុប្បន្ននេះ ភូមិវ៉ាឡាបៀបានអភិវឌ្ឍទេសចរណ៍ភូមិយ៉ាងខ្លាំងក្លា ជីវភាពអ្នកភូមិបានធូរធារពីមួយថ្ងៃទៅមួយថ្ងៃ តែទំនៀមទម្លាប់ញ៉ាំសាច់ធំពេលហូបបាយយប់ពេលថ្ងៃបុណ្យចូលឆ្នាំថ្មីចិនគឺនៅតែរក្សាដដែល។
ក្រោយពីបានបរិភោគបាយយប់ថ្ងៃបុណ្យចូលឆ្នាំថ្មីចិន អ្នកទាំងអស់គ្នាបានអង្គុយជុំវិញភ្លើងអាំងសាច់ជាមួយគ្នា ក្នុងភូមិអំពូលភ្លើងនៃគ្រួសារនីមួយៗសុទ្ធតែបើកបំភ្លឺអ្នកភូមិនិយាយលេងផងសើចផង ពិតជាសប្បាយរីករាយណាស់។ ស្ត្រី ដាឡាឈូនិងប្តីគិតថា ឆ្នាំក្រោយនឹងកែច្នៃផ្ទះទៅជាផ្ទះសំណាក់តាមភូមិ ដើម្បីផ្តល់សេវាកម្មស្នាក់នៅសម្រាប់ភ្ញៀវទេសចរណ៍ ក៏អាចបង្ហាញវប្បធម៌ប្រពៃណីជនជាតិម៉ូសូផងដែរ៕
អ្នកសារព័ត៌មាន៖ Gong Jingyang
ប្រភពរូបថត៖ Liu Jiatong
អ្នកបកប្រែ៖ លីហ្សា